វេជ្ជបណ្ឌិតស្រីនៅហុងកុងម្នាក់ រត់ភៀសខ្លួនទៅអាមេរិក រួចចោទចិនតាមប៉ុស្តិ៍ Fox News យ៉ាងកក្រើកអំពីការលាក់បាំងវីរុសកូរ៉ូណា

អ្នកឯកទេសខាងរោគវិទូជនជាតិចិនដ៏មានមុខមាត់មួយរូបបានអះអាងថា រដ្ឋាភិបាលចិនបានបិទបាំងការឆ្លងកូរ៉ូណានេះ ហើយនិយាយថានាងត្រូវបង្ខំចិត្តភៀសខ្លួនពីហុងកុង ពីព្រោះនាង "ដឹងពីរបៀបដែលពួកគេប្រព្រឹត្តដាក់អ្នកទម្លាយរឿងផ្ទៃក្នុង"។

វេជ្ជបណ្ឌិត Li-Meng Yan ជាអ្នកជំនាញឯកទេសផ្នែករោគវិទ្យា និងប្រព័ន្ធភាពស៊ាំ នៅសាលាជំនាញសុខភាពសាធារណៈហុងកុង បានអះអាងថា របបក្រុងប៉េកាំងបានដឹងអំពីវីរុសនេះយ៉ាងច្បាស់ក្រឡែត មុនពេលវាត្រូវបានគេទទួលស្គាល់។

ដោយបញ្ជាក់អំឡុងបទសម្ភាសន៍មួយជាមួយនឹងកម្មវិធី Fox News នាងក៏បាននិយាយផងដែរថា អ្នកគ្រប់គ្រងរបស់នាងដែលមានកេរ្តិ៍ឈ្មោះ ខណៈមួយចំនួនគឺអ្នកជំនាញកំពូលៗនៅក្នុងការងាររបស់ពួកគេ បានបដិសេធការស្រាវជ្រាវដែលនាងបានចាប់ផ្តើមសន្យានឹងធ្វើតាំងពីការផ្ទុះវីរុសឡើងដំបូង ដែលទីបំផុតបានរាលដាលទូទាំងពិភពលោក។

នាងជឿថា ការស្រាវជ្រាវរបស់នាងទៅលើវីរុសកូរ៉ូណាអាចនឹងជួយជីវិតមនុស្សបាន ហើយបានប្រថុយដោយខ្លួនឯងដោយការគេចខ្លួនទៅអាមេរិកដើម្បីចែកចាយដំណាលរឿងរបស់នាង ដោយដឹងថាវាហាក់ទំនងជានាងមិនអាចត្រឡប់ទៅហុងកុងវិញជារៀងរហូត។

ក្នុងនាមជាបុគ្គលិកអង្គការសុខភាពពិភពលោក (WHO) មួយរូបជំនាញលើវីរុសផ្តាសាយ និងរោគរាតត្បាត នាងក៏បានជឿផងដែរថា នាងនិងមិត្តរួមការងាររបស់នាង មានកាតព្វកិច្ចដើម្បីប្រាប់ពិភពលោកអំពីការស្រាវជ្រាវរបស់នាង ប៉ុន្តែមិនមានសកម្មភាពអ្វីត្រូវបានធ្វើឡើងនោះទេ។

នាង Li-Meng Yan និយាយថា នាងគឺជាបុគ្គលមួយរូបក្នុងចំណោមអ្នកវិទ្យាសាស្រ្តដំបូងគេដែលបានសិក្សាអំពីវីរុសកូរ៉ូណា ដែលត្រូវបានគេស្គាល់ឈ្មោះផ្លូវការ កូវីដ១៩ ហើយអះអាងថានៅចុងបញ្ចប់ខែធ្នូ ឆ្នាំ២០១៩ នាងបានសាកសួរដោយអ្នកគ្រប់គ្រងរបស់នាងនៅឯសាលាជំនាញខាងលើ លោកវេជ្ជបណ្ឌិត Leo Poon ដើម្បីស្រាវជ្រាវមើលចង្កោមករណីចម្លែកមួយស្រដៀងគ្នាទៅនឹងវីរុសសាក្នុងចិនដីគោក។

នាងបានប្រាប់ទៅ Fox News ថា "រដ្ឋាភិបាលចិនបានបដិសេធមិនអនុញ្ញាតឱ្យអ្នកជំនាញបរទេស រួមទាំងអ្នកជំនាញនៅហុងកុង ធ្វើការស្រាវជ្រាវនៅចិនទេ។ ដូច្នេះខ្ញុំងាកទៅរកមិត្តភក្តិរបស់ខ្ញុំដើម្បីទទួលបានព័ត៌មានបន្ថែម"។

មិត្តភក្តិម្នាក់ដែលនាងបានទាក់ទង គឺជាអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺក្នុងប្រទេសចិន ដែលនាងបាននិយាយថាបានដឹងរឿងផ្ទាល់អំពីករណីដែលកើតឡើងពីក្រុងវូហាន។

មិត្តរបស់នាងបានប្រាប់នាង នៅថ្ងៃទី៣១ ខែធ្នូ អំពីការឆ្លងពីមនុស្សទៅមនុស្ស ពោលមុនពេលចិន ឬ WHO បានទទួលស្គាល់ថា ការឆ្លងពីមនុស្សទៅមនុស្សអាចមានលទ្ធភាពជាមួយនឹងកូវីដ១៩ ហើយនៅថ្ងៃដដែលនោះមានករណីជំងឺរលាកសួតចំនួន ២៧ករណីត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងវូហាន កន្លែងដែលគេជឿថាជាប្រភពនៃវីរុសមួយនេះ។

នៅពេលដែលនាងបានប្រាប់អ្នកគ្រប់គ្រងរបស់នាងនូវអ្វីដែលមិត្តភក្តិរបស់នាងបានរាយការណ៍ "គាត់គ្រាន់តែងក់ក្បាល" ដែលនាង Yan ត្រូវបានអ្នកគ្រប់គ្រងហៅទៅជួបម្តងទៀត និងប្រាប់នាងបន្តការងារទៅលើការស្រាវជ្រាវរបស់នាង។

នៅថ្ងៃទី៩ WHO បានចេញសេចក្តីថ្លែងការណ៍មួយថា "យោងតាមអាជ្ញាធរចិន វីរុសស្ថិតក្នុងមន្ទិលសង្ស័យអាចបណ្តាលអ្នកជំងឺមួយចំនួនមានអាការៈធ្ងន់ធ្ងរ ហើយមិនឆ្លងងាយស្រួលពីមនុស្សទៅមនុស្សទេ។ មានព័ត៌មានតិចតួចដើម្បីកំណត់ហានិភ័យទូទៅនៃចង្កោមសេចក្តីរាយការណ៍នេះ"។

ក្រោយពីសេចក្តីថ្លែងការណ៍នេះ នាងនិយាយថា​ អ្នកស្គាល់នាងពីមុនដែលនិយាយដោយបើកចំហ ចាប់ផ្តើមស្ងាត់ ជាពិសេសក្នុងទីក្រុងវូហាន ខណៈអ្នកដទៃទៀតបានព្រមាននាង Yan មិនឱ្យសាកសួរពីសេចក្តីលម្អិតទេ។

ទោះយ៉ាងណា ប្រភពខ្លះរបស់នាងបានប្រាប់នាងថា ចំនួននៃការឆ្លងពីមនុស្សទៅមនុស្សកំពុងកើនឡើងយ៉ាងខ្លាំង ប៉ុន្តែនៅពេលដែលនាងរាយការណ៍ពីការរកឃើញបន្ថែមទៀតទៅកាន់អ្នកគ្រប់គ្រងរបស់នាង នាងនិយាយថា នាងត្រូវអ្នកគ្រប់គ្រងប្រាប់ឱ្យរក្សាភាពស្ងៀមស្ងាត់ និងប្រយ័ត្នប្រយែង។

នាង Yen បានប្រាប់ទៅ Fox News ថា "ដូចដែលគាត់បានព្រមានខ្ញុំពីមុន កុំប៉ះបន្ទាត់ក្រហម (សំដៅទៅលើរដ្ឋាភិបាល)។ យើងនឹងមានបញ្ហា ហើយយើងបាត់ខ្លួន"។

នាង Yan អះអាងថា សាស្រ្តាចារ្យ Malik Peiris ដែលជាអនុប្រធាននៃមន្ទីរពិសោធន៍មួយរបស់ WHO បានដឹងអំពីការរីករាលដាលវីរុសមួយនេះ ប៉ុន្តែមិនបញ្ចេញសកម្មភាពនោះទេ។ 

ខណៈដែលនាង Yan និយាយថា នាងពិតជាខកចិត្តយ៉ាងខ្លាំង នាងមិនមានការភ្ញាក់ផ្អើលទេ។ នាងបាននិយាយថា "ខ្ញុំដឹងជាស្រេចថានឹងកើតឡើង ដោយសារតែខ្ញុំដឹងពីអំពើពុករលួយក្នុងចំណោមអង្គការទាំងអស់នោះដូចជាអង្គការពិភពលោកជាដើមរហូតដល់រដ្ឋាភិបាលចិន និងបក្សកុម្មុយនីស្តចិន។ ដូច្នេះជារឿងសាមញ្ញ... ខ្ញុំត្រូវទទួលស្គាល់វា ប៉ុន្តែខ្ញុំមិនចង់ឱ្យព័ត៌មានបំភាន់មួយនេះរាលដាលដល់ពិភពលោកនោះទេ"៕ ប្រភព៖ Daily Mail 


 

adverise with khmeread