បុរសម្នាក់ដែលមានជំងឺតេតាណូស ដឹកគោទៅលាងនៅទឹកបឹងក៏ប្រកាច់លង់ទឹកបឹងស្លាប់

កណ្តាល ៖ បុរសម្នាក់ដែលមានជំងឺតេតាណូស បានដឹកគោទៅលាងនៅទឹកបឹងក៏ប្រកាច់លង់ទឹកបឹងស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃសៅរ៍ទី ១១ កក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង៤០នាទីនៅចំណុច បឹងរាំងតាតូច ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សែត សុខា ភេទប្រុសអាយុ ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ ឃុំ កើតហេតុ (ស្លាប់) មានប្រពន្ធ ឈ្មោះ ម៉ៅ សំអូន ភេទស្រីអាយុ ៥៧ឆ្នាំ និងមានកូន ចំនួន៣នាក់ ប្រុស។

ប៉ូលិសបន្តថា រយៈពេល៨ឆ្នាំមកហើយដែលជនរងគ្រោះមានជម្ងឺតេតាណុស និងប្រកាច់ជាញឹកញាប់។ លុះដល់ថ្ងៃទី១១ កក្កដា ២០២០ វេលាម៉ោង៩ ជនរងគ្រោះបានបរគោខ្លួនចំនួន២ក្បាលទៅលាងទឹកនៅបឹងរាំងតាតូចដែលនៅខាងត្បូងឈាងខាងកើតភូមិតែម្នាក់ឯង។ រហូតដល់វេលាម៉ោង១០ និង៤០នាទី ថ្ងៃដដែលឈ្មោះ ជ័យ សុភណ្ឌ ភេទប្រុស ឈ្មោះ ជ័យ ភាព ភេទប្រុស បានបរគោទៅលាងទឹកដែរ។

ពេលទៅដល់ក៏ឃើញសត្វគោជនរងគ្រោះដើរចេញពីទឹកបឹង មកស៊ីដំណាំពោតគេនៅជិតនោះ តែមិនឃើញជនរងគ្រោះទេ។ ពេលនោះឈ្មោះជ័យ សុភណ្ឌ និង ឈ្មោះ ជ័យ ភាព មានការសង្ស័យទើបនាំគ្នាចុះរាវក្នុងទឹកបឹងក៏ឃើញ ជនរងគ្រោះស្លាប់ក្នុងទឹក ហើយបានស្រង់សាកសពមកដាក់លើគោករួចផ្តល់ដំណឹងជូនក្រុមគ្រួសារបន្ទាប់មកក្រុមគ្រួសារ បានយកសាកសពជនរងគ្រោះមកដាក់នៅផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ព្រែកលួង។

បន្ទាប់កម្លាំងប៉ូលិសផ្នែកជំនាញសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យ និងក្រុមគ្រួសារធ្វើពិនិត្យសាកសពដោយហ្មត់ចត់ ហើយសន្និដ្ឋានថា សាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន។ ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread