ប៉ះគេតិចតួចមិននៅដោះស្រាយ,បើករត់ទៅបុករថយន្តក្រឡុកស៊ីម៉ងត៍និងបុកបង្គោលភ្លើង ហើយធ្លាក់ប្រឡាយ

ភ្នំពេញ ៖ រថយន្តហ្វតមួយគ្រឿងបានរងការខូចខាតខណៈប៉ះគេតិចតួចតែមិននៅដោះស្រាយ ព្យាយាមបើករត់ទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ រួចធ្លាក់ប្រឡាយនិងបុកបង្គោលភ្លើង កាលពីវេលា ម៉ោង៨យប់ ថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២០ ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រភពនិយាយថា រថយន្តបង្កម៉ាកហ្វតរេនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-3994 បើកដោយបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ (រត់បាត់)។ ឯរថយន្តក្រឡុកស៊ីម៉ងត៍ ម៉ាកISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-1483។ 

ប្រភពបន្តថា ដំបូងរថយន្តហ្វតបើកបរតាមបណ្ដោយផ្លូវបេតុងទិសដៅពីលិចទៅកើត ខណៈមកដល់រង្វង់មូលក្រុមង៉ុយ ក៏ប៉ះរថយន្តមួយគ្រឿងមិនចាំម៉ាក តិចតួចមិនព្រមនៅដោះស្រាយនោះទេ បានព្យាយាមបើករត់យ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុខាងលើក៏បុកបញ្ឆិត ជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ ដែលមានទិសដៅ ពីកើតមកលិចបញ្ច្រាស់ទិសគ្នាផ្នែកខាងឆ្វេងបណ្ដាលឱ្យរេចង្កូតមកខាងហោះធ្លាក់ចូលប្រឡាយ លូទឹកស្អុយ ទៅបុកដើមព្រីង និងបុកបង្គោលភ្លើងថ្មបាក់អស់១ដើមទៀត តែពុំមានអ្នកណាម្នាក់ រងរបួសនោះទេ។ 

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ 

adverise with khmeread