ម្តាយខ្លាចកូនដើរលេងផ្តេសផ្តាសក៏ចាក់សោទុកក្នុងបន្ទប់ កូននោះខឹងក៏ដុតផ្ទះឆេះ

កណ្តាល ៖ ម្តាយខ្លាចកូនដើរលេងផ្តេសផ្តាសក៏ចាក់សោទុកក្នុងបន្ទប់ ហើយកូននោះខឹងក៏ដុតផ្ទះបណ្តាលឱ្យឆេះកើតឡើងនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង១២ និង៣០នាទីអធ្រាត្រនៅ ថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បណ្តាលឱ្យឆេះខូចខាតផ្ទះ និងទ្រព្យសម្បត្តិ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ព្រំ សុធី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានប្តីឈ្មោះ វឹង ខេន អាយុ៥៥ឆ្នាំមុខរបរលក់កូនឈើ។ ផ្ទះដែលឆេះឈើលើថ្មក្រោមជញ្ជាំងក្តារប្រក់ក្បឿងទទឹង០៥ម៉ែត្រនិងបណ្តោយ០៩ម៉ែត្រ។ សម្ភារៈខូចខាតរួមមានឆេះប្រាក់ដុល្លា២០០០ដុល្លារ, ឆេះប្រាក់រៀល២០០០០០រៀល,មាស៥ជី, ម៉ូតូ០២គ្រឿងនិងសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះ។ មូលហេតុបណ្តាលមកពីកូនប្រុសលួចដុត។ ដើមចមនៃការដុតផ្ទះគឺដោយសារម្តាយចាក់សោគាត់ឱ្យនៅតែក្នុងផ្ទះ។ តាមចម្លើយរបស់ម្តាយថា មូលហេតុដែលគាត់ចាក់សោខ្លាចកូនគាត់ចេញក្រៅដើរលេងផ្តេសផ្តាស់។  

ប៉ូលិសបន្តថា នាវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៌មកកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាក្តុលថាមានភ្លើងឆេះផ្ទះ។ ភ្លាមៗនេះ កម្លាំងប៉ូលិសក្រុងតាខ្មៅ បានសហការជាមួយ កម្លាំងប៉ូលិសការិយាល័យបង្ការ ពន្លត់អគ្គីភ័យខេត្តបានចុះអន្តរាគមន៍ជាមួយអាជ្ញាធរសង្កាត់ និង ប្រជាពលរដ្ឋបានជួយពន្លត់ដោយប្រើរថយន្តពន្លត់អគ្គិភ័យ០១គ្រឿងប្រើប្រាស់ទឹក០១ឡាន ស្មើ០៧ម៉ែត្រគូបហើយបានរលត់ជាស្ថាពរនៅវេលាម៉ោង០១និង០៥នាទី៕

adverise with khmeread