ចិនចាប់ផ្តើមផលិតយន្តហោះចម្បាំងបំបាំងកាយ J-20 ទ្រង់ទ្រាយធំ

យន្ដហោះចម្បាំងបំបាំងកាយដំបូងបង្អស់របស់ចិនដែលទើបកែប្រែឱ្យកាន់តែទំនើបឈ្មោះថា J-20 ទីបំផុតបានចូលក្នុងផលិតកម្មទ្រង់ទ្រាយធំជាផ្លូវការ និងក្លាយជាយន្តហោះចម្បាំងជំនាន់ទី ៥ នេះបើយោងតាមប្រភពយោធាដែលដឹងអំពីគម្រោងនេះ។

ប្រភពបាននិយាយប្រាប់កាសែត South China Morning Post កាលពីថ្ងៃអាទិត្យទី១២កក្កដាថា ព្រឹត្តិការណ៍នេះត្រូវបានកត់សម្គាល់នៅក្នុងពិធីបង្ហាញយន្តហោះចម្បាំងបំបាំងកាយ J-20B កាលពីថ្ងៃពុធទី៨កក្កដា ដែលមានការចូលរួមពីមេដឹកនាំយោធាជាន់ខ្ពស់ជាច្រើនរួមទាំងអគ្គមេបញ្ជាការរងយោធា Zhang Youxia មកពីគណៈកម្មការកណ្តាលយោធា (CMC)។

លោក Zhang Youxia គឺជាអនុប្រធានឋានៈទីពីរនៃ CMC និងជាអ្នកទទួលបន្ទុកផ្នែកអភិវឌ្ឍន៍អាវុធសម្រាប់កងទ័ពរំដោះប្រជាជនចិន។

ប្រភពនិយាយថា "ផលិតកម្មទ្រង់ទ្រាយធំលើយន្តហោះ J-20B បានចាប់ផ្តើមកាលពីថ្ងៃពុធ។ ទីបំផុតវាបានក្លាយជាយន្ដហោះចម្បាំងបំបាំងកាយពេញលេញដែលមានភាពរហ័សរហួនស្របតាមលក្ខណៈវិនិច្ឆ័យដើម។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតចំពោះយន្ដហោះចម្បាំងនេះគឺថាឥឡូវនេះវាត្រូវបានបំពាក់ដោយប្រព័ន្ធបញ្ជាហោះទៅរយៈកម្ពស់ខ្ពស់ (TVC)"។

ប្រព័ន្ធ TVC អនុញ្ញាតឱ្យអាកាសយានិកគ្រប់គ្រងយន្ដហោះបានល្អជាងមុន ដោយប្តូរទិសដៅហោះទម្លុះស្ទុះបានលឿនចំពោះម៉ាស៊ីន៕ ប្រភព៖ South China Morning Post 

adverise with khmeread