ក្មេងជំទង់កុងហ្គោលាក់ខ្លួនក្នុងម៉ាស៊ីនយន្តហោះ ដើម្បីបានចាប់ផ្តើមជីវិតថ្មីនៅទ្វីបអឺរ៉ុប

អ្នកបើកយន្តហោះសម្រេចចិត្តចុះចតនៅអាកាសយានដ្ឋាន Maya-Maya ក្នុងរដ្ឋធានី Brazzaville របស់សាធារណៈកុងហ្គោ បន្ទាប់ពីប្រទះឃើញ ក្មេងជំទង់កុងហ្គោម្នាក់ព្យាយាមលាក់ខ្លួនក្នុងម៉ាស៊ីនយន្តហោះ Hawker 125-800XP ដើម្បីទៅនៅអឺរ៉ុបនឹងគេ។ នេះបើយោងតាមវេបសាយ Gatechecked ចេញផ្សាយកាលពីថ្ងៃទី៣ កក្កដា។

ពុំមានព័ត៌មានលម្អិតអំពីស្ថានភាពនេះទេ ប៉ុន្តែមន្រ្តីនៅព្រលានយន្តហោះបានរកឃើញថា យុវជនរូបនេះបានលាក់ខ្លួននៅក្នុងម៉ាស៊ីនខាងស្តាំរបស់យន្តហោះ Hawker ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Executive Aircraft Services S.A.។

យុវជនរូបនោះត្រូវបានមន្រ្តីអាកាសយានដ្ឋាននាំយកទៅឆ្ងាយ ហើយនៅពេលសួរអំពីចេតនារបស់យុវជនរូបនោះ គាត់បាននិយាយថា គាត់បានលាក់ខ្លួននៅក្នុងម៉ាស៊ីនដោយសង្ឃឹមរត់គេចទៅកាន់ទ្វីបអឺរ៉ុបដើម្បីចាប់ផ្តើមជីវិតថ្មី។

នៅពេលប្រទេសកុងហ្គោតស៊ូដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន ហើយជាមួយប្រជាជនជាង ៤០ ភាគរយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ វាមិនមែនជាការភ្ញាក់ផ្អើលទេ នៅពេលដែលករណីបែបនេះលេចឡើងម្តងម្កាល៕ 

 

adverise with khmeread