ទុស្សេខ្សែភ្លើងក្រោយបល្ល័ង្កព្រះ បណ្តាលឱ្យឆេះព្រះវិហារវត្តបឹងខ្យាងទាំងស្រុង

កណ្តាល ៖ មានករណីភ្លើងឆេះព្រះវិហារវត្តបឹងខ្យាងទាំងស្រុង បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង ១១និង៤០នាទីថ្ងៃទី១៣ ខែកក្ដដាឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ព្រះចៅអធិការវត្តព្រះនាម ជួន មករា មានព្រះជន ៣៧ព្រះវស្សា គង់នៅវត្តកើតហេតុខាងលើមានសង្ឃដីកាប្រាប់សមត្ថកិច្ចថា សម្ភារៈខូចខាតរួមមាន ១-ព្រះវិហារ១ខ្នង មានបណ្ដោយប្រវែង១៦ម៉ែត្រនិងទទឹងមានប្រវែង ៨ម៉ែត្រ កម្ពស់ ១៤ម៉ែត្រ ថ្មក្រោមដៃរណែងឈើប្រកខ្បឿងស្រកាលិញឆេះខូចខាតអស់ទាំងស្រុង, ២-ព្រះពុទ្ធដិមាករធំ១ព្រះអង្គ និងព្រះពុទ្ធដិមាករតូច៧អង្គ, ៣-ទៀនវស្សាចំនួន៣គូធំ,តូចចំនួន២គូ, ៤-ព្រហ្មចំនួន ៤ខ្សែ និង៥-កន្ទេលចំនួន ៥ខ្សែ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឆេះបណ្តាលមកពីទុស្សេខ្សែភ្លើងក្រោយបល្ល័ង្កព្រះ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៨គ្រឿងប្រើប្រាស់អស់ទឹក ៩ឡានស្មើនិង ៧៣ម៉ែត្រគូប, ក្នុងនោះរថយន្តអគ្គីភ័យស្រុក ១គ្រឿង, រថយន្តអគ្គីភ័យខេត្តកណ្ដាលចំនួន ២គ្រឿង,
រថយន្តអគ្គីភ័យអង្គរក្សចំនួន ២គ្រឿង, រថយន្តអគ្គីភ័យខាងប្រលានចំនួន ២គ្រឿង និងរថយន្តអគ្គីភ័យក្រុមហ៊ុនឯកជនចំនួន ១គ្រឿង។ រលត់ជាស្ថាពរនៅវេលាម៉ោង១២ និង៣៥នាទីថ្ងៃខែដដែល៕

adverise with khmeread