ការព្យាករណ៍របស់សាកលវិទ្យាល័យមួយព្រមានថាពលរដ្ឋអាមេរិក ២២៤.០០០ នាក់នឹងស្លាប់ដោយកូវីដត្រឹមថ្ងៃទី១វិច្ឆិកា

ប៉ាន់គំរូព្យាករណ៍មួយរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោនដែលបានកែសម្រួលថ្មីៗនេះបានទាយថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានឹងកើនឡើងដល់ ២២៤.០០០ នាក់នៅត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ពោលគឺកើនឡើង ១៦.០០០ នាក់ពីការព្យាករណ៍ទុកមុនៗ ដោយសារតែការកើនឡើងនៃករណីឆ្លងថ្មីៗនិងការដេកនៅមន្ទីរពេទ្យនៅតាមរដ្ឋជាច្រើន។

ប៉ុន្តែការព្យាករណ៍ចុងក្រោយបង្អស់ពីវិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាព (IHME) របស់សាកលវិទ្យាល័យខាងលើ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារទី ១៤ ខែកក្កដាក៏បានព្យាករណ៍ដែរថា ចំនួនអ្នកស្លាប់អាចត្រូវបានកាត់បន្ថយ ៤០.០០០ នាក់ ប្រសិនបើពលរដ្ឋអាមេរិកទាំងអស់ពាក់ម៉ាស់នៅទីសាធារណៈ។

IHME បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការប្រើប្រាស់ម៉ាស់មានការកើនឡើងប៉ុន្តែមិនខ្ពស់ដល់ចំណុចចង់បានទេ។ ប្រសិនបើជនជាតិអាមេរិក ៩៥ ភាគរយពាក់ម៉ាស់រាល់ពេលដែលពួកគេចាកចេញពីផ្ទះ នោះអត្រាឆ្លងនឹងធ្លាក់ចុះ អត្រាដេកពេទ្យនឹងថយចុះ និងការព្យាករណ៍អំពីការស្លាប់នឹងធ្លាក់ចុះ"។ 

ការព្យាករណ៍ថ្មីរបស់ IHME បានកើតឡើងបន្ទាប់ពីរដ្ឋ Alabama, Florida និង North Carolina កាលពីថ្ងៃអង្គារបានរាយការណ៍ថាមានការកើនឡើងរាល់ថ្ងៃនៃការស្លាប់ពីកូវីដ១៩ ដែលជាព្រឹត្តិការណ៍សំខាន់ថ្មីមួយនៃរលកកូវីដទី២ នៅទូទាំងសហរដ្ឋអាមេរិក៕ ប្រភព៖ Straitstimes