ទឹកចិត្តបងប្រុស! សុខចិត្តប្តូរជីវិតជួយប្អូនស្រីពីឆ្កែខាំ រងរបួសដេរ ៩០ ថ្នេរ

ក្មេងប្រុសអាយុ ៦ឆ្នាំមួយរូបមកពីរដ្ឋវ៉ាយអូមីង សហរដ្ឋអាមេរិក ត្រូវបានឆ្កែមួយក្បាលខាំញក់ញី ខណៈដែលរូបគេប្រថុយជីវិតដើម្បីសង្គ្រោះប្អូនស្រី។

Bridger Walker បានធ្វើអន្តរាគមន៍យ៉ាងក្លាហាន នៅពេលដែលឆ្កែចាប់ផ្តើមដេញប្អូនស្រីកាលពីថ្ងៃទី៩ ខែកក្កដា។ នេះបើយោងតាមការបង្ហោះរបស់មីងរបស់ក្មេងនេះនៅលើបណ្តាញសង្គម Instagram។

ក្មេងប្រុសតូចរូបនេះត្រូវបានឆ្កែខាំសុះសាច់ជាច្រើនកន្លែងនៅលើក្បាលនិងមុខ នៅពេលដែលរូបគេប្រឈមមុខជាមួយនឹងឆ្កែមួយនោះ។

ក្មេងល្អិតនេះអាចចាប់ដៃប្អូនស្រីរត់គេចចេញពីគ្រោះថ្នាក់បានយ៉ាងជោគជ័យ។ ប៉ុន្តែការវាយប្រហារពីឆ្កែបានធ្វើឱ្យក្មេងប្រុសនេះមានរបួសជាច្រើនកន្លែង ដែលធ្ងន់ធ្ងរជាងគេនៅលើមុខ ដោយតម្រូវឱ្យដេរ ៩០ថ្នេរ។

Bridger បាននិយាយថារូបគេសុខចិត្តលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីជួយសង្រ្គោះប្អូនស្រី។ យោងតាមសារបង្ហោះបណ្តាញសង្គម Instagram ខាងលើ ក្មេងក្លាហាននេះបាននិយាយថា "ប្រសិនបើមាននរណាម្នាក់ត្រូវស្លាប់ ខ្ញុំគិតថា វាគួរតែជាខ្ញុំ"។

ទង្វើដ៏អង់អាចរបស់ក្មេងប្រុសនេះមានភាពល្បីល្បាញយ៉ាងខ្លាំង រហូតដល់តារាហូលីវូដលោក Mark Ruffalo តួអង្គ Hulk ក៏បានចេញមុខបង្ហាញមោទនភាពសម្រាប់ក្មេងប្រុសរូបនេះផងដែរ៕

adverise with khmeread