ស្ត្រីម្នាក់មានផ្ទុកមេរោគអេដស៍និងមានកូនក្នុងផ្ទៃ៦ខែ ត្រូវបានប្តីស្រវឹងស្រាទាត់មួយជើងធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ទាំងខ្លួននិងកូន

កណ្តាល ៖ ស្ត្រីម្នាក់មានផ្ទុកមេរោគអេដស៍និងមានកូនក្នុងផ្ទៃ៦ខែ ត្រូវបានប្តីស្រវឹងស្រាទាត់មួយជើង ធ្លាក់ខ្លួនឈឺត្រូវបានបងប្អូននាំទៅព្យាបាលនៅមន្ទីរពេទ្យ កើតឡើងនាថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០ ម៉ោង៧និង៣០នាទីយប់នៅចំណុចការដ្ឋានសំណង់ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លុះសម្រាកព្យាបាលបាន៧ថ្ងៃក៏បាត់បង់ជីវិតកាលពី ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង០១និង៥៧នាទី យប់ បន្ទាប់មកត្រូវបានប៉ូលិសឃាត់ខ្លួនប្តីចាត់ការតាមច្បាប់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ»។

ប៉ូលិសនិយាយថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ស៊ុម ស្រីមឿន ភេទស្រី អាយុ៣៧ឆ្នាំស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរកម្មករសំណង់, មានផ្ទៃពោះ៦ខែហើយស្លាប់នៅមន្ទីរពេទ្យរុស្ស៊ីនាយប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១និង៥៧នាទីយប់។ យោងតាមលិខិតមរណភាពចេញដោយមន្ទីពេទ្យរុស្ស៊ីបានបញ្ជាក់ថា ជនរងគ្រោះមានជំងឺរលាកសួតធ្ងន់ធ្ងរ ដោយមានកើតជំងឺអេដស៍ និង ស្លាប់កូនក្នុងពោះ ។ ចំណែកជនសង្ស័យជាប្តីឈ្មោះ ណុប សុវណ្ណារៈ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរជាងភ្លើងមានជំងឺអេដស៍ (ឃាត់ខ្លួន)។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះជាស្រ្តីមេម៉ាយមានកូន៤នាក់ ដោយប្តីទីមួយលែងលះគ្នាបានកូន៣នាក់ ហើយបានយកប្តីទី២មានកូនម្នាក់តែបានស្លាប់ដោយសារជំងឺអេដស៍ ។ ក្រោយមកក៏បានប្តីទី៣ដែលជាជនសង្ស័យខាងលើ បានយកគ្នាជាប្តីនិងប្រពន្ធអស់រយៈពេលជិត៦ឆ្នាំមកហើយ ដោយមិនបានរៀបការនោះទេ ហើយបានកូនស្រីម្នាក់អាយុ៣ឆ្នាំ និងមានកូនក្នុងពោះម្នាក់ទៀតអាយុ៦ខែ។

ប៉ូលិសបន្តថា លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹងហើយឈ្លោះប្រកែកជាមួយជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានទាត់ជនរងគ្រោះមួយជើងចំចង្កេះ ។ រហូតដល់ថ្ងៃទី០៩កក្កដាឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ដោយសារជនរងគ្រោះមានអាការៈក្តៅខ្លួនស្រៀវរងា ក៏បានជិះម៉ូតូឌុបមកជួបបងប្អូននៅស្ទឹងមានជ័យ ហើយបងប្អូនក៏ដឹកទៅមន្ទីពេទ្យរុស្ស៊ី។

ពេលនោះជនរងគ្រោះបានរៀបរាប់ប្រាប់បងប្អូននិងកូនប្រុសឈ្មោះតូ លីហ័រ (កូនប្តីមុន)ថា គាត់ត្រូវប្តីវាយបណ្តាលឱ្យមានរបួសស្នាមជាំត្រគាក ដៃខាងឆ្វេង ជាំភ្នែក។ លុះសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីបាន៧ថ្ងៃគឺនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង០១និង៥៧នាទី យប់ ដោយសារអាការៈធ្ងន់ធ្ងរកូនក៏ស្លាប់ក្នុងពោះ, រលាកសួតធ្ងន់ធ្ងរ និង មានផ្ទុកជំងឺអេដស៍ផងនោះ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ទៅ។

បន្ទាប់ពីជនរងគ្រោះស្លាប់បងប្អូននិងកូនក៏បានឯកភាពគ្នាយកសាកសពទៅបូជានៅវត្តទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយធ្វើបុណ្យបូជាសពរួចរាល់ បងប្អូននិងកូនក៏បានមកដាក់ពាក្យប្តឹងមកកាន់ប៉ូលិសប៉ុស្តិ៍កំពង់សំណាញ់ឱ្យឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង៕

adverise with khmeread