adverise with khmeread Index

ដំបូងចាប់បានចោរលួចម៉ូតូម្នាក់ រួចឈានទៅចាប់ម្នាក់ទៀត

     ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោចាប់ខ្លួនបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពកាច់សោកលួចម៉ូតូបានសម្រេចកាលពីវេលាម៉ោង ៩ កន្លះព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
    បើតាមសម្ដីពីជនរងគ្រោះឈ្មោះ ទូច ធារ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិ ស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោបានឲ្យដឹងថា គាត់បានជិះម៉ូតូម៉ាក ហុងដាសេ125 ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH- 2002 ចេញពីផ្ទះទៅបូបទឹកដាក់ស្រែ និងច្រូវស្មៅគោ។
    ខណៈពេលគាត់កំពុងតែមើលទឹកស្រែនិងឆ្លៀតច្រូតស្មៅគោស្រាប់តែខ្លួនឮសូរសម្លេងបញ្ឆេះម៉ូតូ ពេលក្រឡែកមើលម៉ូតូស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូរបស់គាត់ចេញទៅ។
    ក្រោយមកទើបគាត់ដឹងថាជាចោរលួចម៉ូតូ ភ្លាមនោះដែរគាត់បានរាយការណ៍ជូនដល់ប៉ូលិសខណ្ឌដង្កោ។ទទួលបានដំណឹងភ្លាមលោក ជឹម ស៊ីថា អធិការប៉ូលិសខណ្ឌដង្កោ បានបញ្ជាឲ្យកម្លាំងរបស់លោកចុះរអន្ដរាគមន៍ភ្លាមៗ ហើយក្របួចបានជនសង្ស័យម្នាក់ រួមជាមួយនឹងម៉ូតួជនរងគ្រោះ។
    បន្ទាប់មកសមត្ថកិច្ចបានឈានទៅយកបានជនសង្ស័យម្នាក់ទៀតគឺជនសង្ស័យទី ១ -ឈ្មោះ ធឹល ធី ភេទប្រុស អាយុ ២៧ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំ ផ្សារដីថ្មីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ធរ ខេត្ដព្រៃវែង និងទី២ -ឈ្មោះ ស៊ុម គាំង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល(បុរីឡាយគង់) ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោហើយមានស្រុកកំណើតនៅ ភូមិរលាំង ឃុំរំលេច ស្រុក ស៊ីធរកណ្ដាល ខេត្ដព្រៃវែង។
    បច្ចុប្បន្នជនសង្ស័យទាំង ២នាក់កំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅអធិការរដ្ឋានប៉ូលិសខណ្ឌដង្កោ រួចបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញកាត់ទោសតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់