90cd08b6 ec24 4f7b b0c9 1c83ba8e6098

ឃុំខ្លួន​បុរស​ម្នាក់​ពីបទ​ជួញដូរ​គ្រៀង​ញៀន ស្រី​ស្នេហ៍​ម្នាក់បំបែកសំណុំរឿង​ប្រើប្រាស់​វិញ​

     ភ្នំពេញ ៖ សំណុំរឿង​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ដែល​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី​២៩ មិនា នៅក្នុង​ទឹកដី​ខណ្ឌចំការមន ដែលមាន​ការបាញ់​ទម្លុះទម្លាយ​រថយន្ត របស់​ជនសង្ស័យ និង​ចាប់ខ្លួនបាន​២​នាក់​ម្នាក់​ជា​សង្សារ​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​។​

     នៅ​រសៀល​ថ្ងៃទី​១ មេសា ឆ្នាំ​២០១៦ នេះ ជនសង្ស័យ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត។ ចំណែក​ស្រី​ស្នេហ៍ ត្រូវបាន​តំណាង​អយ្យការ​បំបែកសំណុំរឿង ជា​ករណី​ប្រើប្រាស់​គ្រឿងញៀន​វិញ។​

     នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ដឹងថា ជនសង្ស័យ​ពាក់​ពន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឈ្មោះ ស៊ុម ចាន់​វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ចោទប្រកាន់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទម្ងន់​ជិត​២០​ក្រាម តាម​មាត្រា​៤០​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។ ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ សឿន ឌី​ណា អាយុ​២២​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពី​ប្រើប្រាស់​គ្រឿងញៀន។​

     គួររំលឹកថា កាលពី​យប់​ថ្ងៃទី​២៩​មិនា​កម្លាំង​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន រហូត​បើក​ការបាញ់ប្រហារ​ទម្លុះទម្លាយ​រថយន្ត ម៉ាក ​Lexus RX-300 ពណ៌​ខ្មៅ មួយគ្រឿង ស្ថិតនៅ​តាមផ្លូវ​កៅ​ដាវ ឫ​ផ្លូវ​លេខ​២០៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ដែលជា​រថយន្ត​របស់​ជនសង្ស័យ​។​

     ប្រតិបត្តិការ​នេះ កម្លាំង​សម​ត្ត​កិច្ច​បាន​ចាប់ខ្លួន ជនសង្ស័យ​២​នាក់​ស្ត្រី​ម្នាក់​ប្រុស​ម្នាក់ និង​ចាប់យក​វត្ថុតាង​ថ្នាំញៀន​ប​ជិត​២០​ក្រាម។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ សម​ត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​និតិ​វិធី។​

     នៅ​ដំណាក់កាល​តំណាង​អយ្យការ អម​សាលាដំបូង បានធ្វើការ​ចោទប្រកាន់​បុរស​ម្នាក់​នោះ ពាក់​ពន្ធ​បទល្មើស​ជួញដូរ​គ្រឿន​ញៀន​ដោយ​ខុសច្បាប់ ស្ត្រី​ជា​សង្សារ​បាន​បំបែក​ទៅជា​ការប្រើប្រាស់​វិញយោង​លើ​ចម្លើយ​របស់​ជនសង្ស័យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា៕

មតិយោបល់