adverise with khmeread F5da7692 a2b4 4b5c 9a29 c1fc8a95007b

ជនសង្ស័យ​១០​នាក់​ឆក់​ទ្រព្យសម្បត្តិ​តាមផ្លូវ​ត្រូវ​អាវុធហត្ថ​បង្ក្រាប​

     ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌចំការមន ខណ្ឌដូនពេញ និង ខណ្ឌឫស្សីកែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ ជា​បន្តបន្ទាប់ ដែលជា​មុខសញ្ញា​ឆក់​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​តាម​ដងផ្លូវ​នៅ​រាជធានី​ភ្នំពេញ​នាពេល​កន្លងទៅ នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦​។​

     ប្រតិបត្តិ​ការបង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ បាន​ធ្វើឡើង​ក្រោយពី​អាវុធហត្ថ បានទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​រងគ្រោះ អេង ស្រី​លីន អាយុ​១៩​ឆ្នាំ ដែល​ត្រូវ​ជនសង្ស័យ​ឆក់​ទ្រព្យសម្បត្តិ​។​

     មន្ត្រី​អាវុធ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​កម្លាំង​អាវុធហត្ថ​បាន​ឃាត់​ជនសង្ស័យ​បាន​ដំបូង​បាន​៤​នាក់​គឺ​ទី​១- ឈ្មោះ​ប៉ែន ហា​លីន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​២ ឈ្មោះ សល់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​៣- ឈ្មោះ សោម ដេ​វិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​និង​ទី​៤- ឈ្មោះ ព្រំ សង្ហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ហើយ​ក្រោយ​ការចាប់ខ្លួន​កម្លាំង បាន​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក Honda Zoomer X ពាក់​ស្លាក​លេខ ភ្នំពេញ 1FT-4167 ។​

     មន្ត្រី​បន្តថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ខាងលើ​រួចមក កម្លាំង​អាវុធហត្ថ​បាន​ឈានទៅដល់​ការចាប់ខ្លួន​បក្ខពួក ៦​នាក់​ផ្សេងទៀត​រួមមាន​ទី​១-​ឈ្មោះ ប៊ុណ្ណា ឃឹម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ឃាត់ខ្លួន​នៅ​ខណ្ឌ​ដូ​ពេញ​) ដកហូត​បាន​ម៉ូតូ Honda Zoomer X ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1FT-6240, ទី​២- ឈ្មោះ​ភួង សុផាន់​ណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៣- ឈ្មោះ​ស៊ឹម សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​៤- ឈ្មោះ អោក ឧ​ត្ត​ម​ប្រឹក្សា​បូរីរ​ត្ន័ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​៥- ឈ្មោះ​គឹម ធី​ម៉ូ​ថេ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​៦ ឈ្មោះ​ឆែម ភា ហៅ​សាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1DE-1719 (​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌឫស្សីកែវ​)​។​

      ក្រោយពី​ធ្វើការ​ឃាត់​រួច​ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ ក៏​ត្រូវបាន​បញ្ជូនទៅ​ការិយា ល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕

adverise with khmeread

មតិយោបល់