អច្ឆរិយៈ! ក្មេងស្រីអាយុ១១ឆ្នាំត្រូវឡានបុកប៉ើងស្ទុយលើមេឃ ធ្លាក់ចុះដល់ដីដើរធម្មតា

ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ អាចគេចផុតពីសេចក្តីស្លាប់យ៉ាងអព្ភូតហេតុ បន្ទាប់ពីនាងបានរត់ចូលឡានមួយគ្រឿង និងត្រូវបានបុកប៉ើងទៅលើមេឃ។

ស្ថានីយប៉ូលិស​ Devon and Cornwall Police នៅអង់គ្លេស បានចេញផ្សាយវីដេអូកាមេរ៉ាសុវត្ថិភាពដោយបង្ហាញពីឧបទ្ទវហេតុនេះ ដើម្បីជាការដាស់តឿនទៅដល់ឪពុកម្តាយក្មេងអំពីសារៈសំខាន់យ៉ាងចាំបាច់នៃការបង្ហាត់បង្រៀនកូនៗរបស់ពួកគេពីសុវត្ថិភាពដងផ្លូវ។

ក្នុងវីដេអូមួយនាទីនេះ ក្រុមមន្រ្តីប៉ូលិសខាងលើបាននិយាយថា ក្មេង១២០នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងតំបន់របស់ពួកគេជារៀងរាល់ឆ្នាំ។

ក្មេងស្រីក្នុងវីដេអូ ដែលមានពាក់អាវរងាពណ៌ផ្កាឈូក ហាក់មិនបានសម្លឹងមើលឆ្វេងស្តាំឱ្យបានហ្មត់ចត់នោះទេ ខណៈដែលនាងបានរត់កាត់ផ្លូវយ៉ាងលឿន ស្របគ្នាទៅនឹងរថយន្ត Vauxhall Corsa ដែលកំពុងធ្វើដំណើរមកដល់នៅក្នុងផ្លូវបញ្ច្រាស់គ្នា។ អ្នកបើកបរ ដែលបានប្រទះឃើញក្មេងស្រីភ្លាមៗផងដែរ បានប៉ុនប៉ងបញ្ចៀសគ្រោះថ្នាក់ ប៉ុន្តែប្រតិកម្មមិនទាន់ពេលនោះឡើយ។

ក្មេងស្រីត្រូវបានឡានបុកប៉ើងទៅលើមេឃ ប៉ុន្តែសំណាងល្អឡានអាចបញ្ចៀសចង្កូតបានបន្តិច គេចចេញពីក្មេងស្រីដែលអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរពីលើនេះបន្ថែមទៀត។ សំណាងល្អរថយន្តមួយគ្រឿងទៀត ដែលមកតាមពីក្រោយរថយន្តទីមួយបានប្រទះឃើញក្មេងស្រីនោះហើយឈប់ទាន់ពេល។

ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ ក្មេងស្រីអាចងើបឈរបាន និងដើរប៉ាំងខ្ញើចៗត្រឡប់ទៅផ្ទះរបស់នាងវិញ ហើយនាងមានរបួសបន្តិចបន្តួចប៉ុណ្ណោះពីគ្រោះថ្នាក់មួយនេះ៕

adverise with khmeread