ស្រឡាំងកាំងគ្រប់គ្នាពេលដល់វគ្គកូនក្រមុំស្បថ ស្រាប់តែម្តាយក្មេកផ្ទុះកំហឹងដាក់កូនប្រសារស្រីថា កូនប្រុសគាត់ល្អឥតខ្ចោះ កុំមកស្បថរញ៉េរញ៉ៃ

នេះជាគ្រាផ្ទុះកំហឹងខ្លាំងក្លាពីម្ដាយក្មេកម្នាក់ ដែលរំខានពិធីមង្គលការកូនប្រុសរបស់គាត់ បន្ទាប់ពីមិនយល់ស្របនឹងពាក្យសច្ចារបស់កូនក្រមុំ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី៣១កក្កដា។

នាង Sarah Ragsdale មកពីទីក្រុងសាន់ហូសេ រដ្ឋកាលីហ្វ័រញ៉ា បានបង្ហោះទិដ្ឋភាពដ៏មិនគួរឱ្យជឿនេះ ដែលបានកើតឡើងក្នុងពិធីមង្គលការរបស់បងស្រីនាង នៅលើ TikTok។

នាងបានដាក់ចំណងជើងវីដេអូនេះថា "បងស្រីខ្ញុំរៀបការកាលពីពីរបីឆ្នាំមុន។ ម្តាយក្មេករបស់គាត់តែងតែស្អប់គាត់។ បងស្រីខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលម្តាយក្មេកគិតថាគាត់កំពុងលួចយកកូនប្រុសរបស់គាត់ទៅបាត់ប៉ុណ្ណោះ"។

នៅក្នុងវីដេអូគេឃើញកូនក្រមុំសច្ចាផ្តោះផ្តងជាមួយកូនកំលោះ ដោយពាក្យស្បថស្បែទាំងអស់គឺនាងជាអ្នកសរសេរផ្ទាល់ដៃ ប៉ុន្តែប៉ុន្មានវិនាទីក្រោយស្បថចប់ ម្តាយក្មេកបានស្រែកខ្លាំងៗដាក់កូនក្រមុំ។ 

ម្តាយក្មេកនោះបានរិះគន់ខ្លឹមសារនៃពាក្យសម្បថនោះ ដោយអះអាងថា កូនប្រុសរបស់គាត់ល្អឥតខ្ចោះ ចឹងមិនបាច់ស្បថរញ៉េរញ៉ៃអីទេ។ 

ម្តាយក្មេកនោះបានស្រែកទាំងកំហឹងថា "នាងឯងកុំមកនិយាយថាកូនយើងនឹងមានគុណវិបត្តិឱ្យសោះ"។ 

កូនក្រមុំរាងក្តៅស្លឹកត្រចៀកដែរ បានតបវិញថា "ម៉ែឯងចេញទៅ។ ម៉ែឯងកំពុងបំផ្លាញអាពាហ៍ពិពាហ៍របស់ខ្ញុំហើយ"។

ម្តាយក្មេកស្តាប់ឮដូច្នេះបានលើកម្រាមដៃកណ្តាលដាក់កូនក្រមុំ ហើយស្រែកថា "អញមិនចេញទេ ព្រោះឈុតរៀបការនោះយើងជាអ្នកចេញលុយ"។ 

ខណៈភ្ញៀវកំពុងស្រឡាំងកាំង ម្តាយក្មេកបន្តទៀតថា "នាងឯងមិនអាចនិយាយថាកូនយើងមានគុណវិបត្តិបានទេ"។ 

កូនក្រមុំតបវិញថា "គ្រប់គ្នាមានគុណវិបត្តិ ហេតុដូច្នេះហើយទើបខ្ញុំស្រឡាញ់គាត់។ ម៉ែឯងចេញទៅ Judie។ ម៉ែឯងអាចចាកចេញពីមង្គលការរបស់ខ្ញុំឥឡូវនេះបាន"។

បន្ទាប់មកសន្តិសុខដែលជាក្រុមរបស់កូនក្រមុំបាននាំម្តាយក្មេកចេញក្រៅ រីឯកូនកំលោះបានត្រឹមឱនក្បាលចុះក្រោមមើលទៅកម្រាលឥដ្ឋប៉ុណ្ណោះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត