បន្ទាប់ពីឈ្លោះប្រកែកជាមួយប្តី,នារីជាប្រពន្ធធ្វើអត្តឃាតក្នុងបន្ទប់ជួល

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានបញ្ចប់ជីវិតដោយចងកបង្កការភ្ញាក់ផ្អើល បន្ទាប់ពីបានឈ្លោះប្រកែកជាមួយប្តី ហើយប្តីចាកចេញពីផ្ទះជួលបាត់ នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល ជាន់ទី២ ក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា សាកសពនារីខាងលើឈ្មោះ ស្រី ល័ក្ខ អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើត នៅខេត្តព្រៃវែង។

បើតាមប្អូនស្រីម្នាក់បានឱ្យដឹងថា នារីខាងលើបានឡាយវីដេអូយំស្រែក ហើយក៏ចងកសម្លាប់ខ្លួន ពេលនោះរូបគាត់ក៏ស្ទុះទៅមើល ក៏ឃើញនារីនោះចងក ជាមួយខ្សែអង្រឹងទៅភ្ជាប់នឹងឥដ្ឋខ្យល់លើបង្អួចត្រដរខ្យល់ទៅហើយ។ រូបគាត់ក៏រត់មកប្រាប់អ្នកជិតខាងមកជួយតែកម្មអកុសលស្រ្តី រងគ្រោះបានស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា ស្រ្តីរងគ្រោះខាងលើ មុននឹងចងកសម្លាប់ខ្លួន រូបគាត់បានឮសំឡេង ឈ្លោះគ្នាជាមួយប្តីតែមិនដឹងឈ្លោះគ្នារឿងអីនោះទេ ក្រោយមកប្តីនោះបានចេញទៅបាត់ ធ្វើឱ្យស្រ្តីរងគ្រោះខាងលើដាច់ចិត្តចងកសម្លាប់ខ្លួនតែម្តង។ 

ក្រោយមកសមត្ថកិច្ចកោសល្យវិច័យលើសាកសពបានសន្និដ្ឋានថា «នារីរងគ្រោះពិតជាស្លាប់ដោយអត្តឃាតពិតប្រាកដមែន» រួចសាកសពតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ 


 

adverise with khmeread