adverise with khmeread 0

Barcelona មានប្រៀប​ជាង Real Madrid ក្នុង​រាត្រី​នេះ​

    ​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅតែ​រក្សា​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​ដដែល​ខណៈ​ពួកគេ​កំពុង​ដើរទៅ​រកពាន La Liga ម្តងទៀត ហើយ​ក្រុម​នេះ​ដាច់​ដល់​ទៅ ៩ ពិន្ទុ​ពី​ក្រុម Atletico និង ១០ ពី Real​។ នេះ​ជា​សប្តាហ៍​ដ៏​មមាញឹក​សម្រាប់​ពួកគេ ព្រោះ Barcelona នឹង​ទទួល​ក្រុម​អធិរាជ​ស​ក្នុងថ្ងៃនេះ ហើយនឹង​ស្វាគមន៍​ក្រុម Atletico ក្នុង​ក្របខ័ណ្ឌ Champions League នៅ​សប្តាហ៍​ក្រោយ​។ Barcelona មិនទាន់​ចាញ់​សូម្បី​តែមួយ​ប្រកួត​តាំងពី​ខែតុលា​ឆ្នាំមុន​ហើយ​ឈ្នះ ១៣ ប្រកួត​និង​ស្មើ ២ ក្នុងជំនួប​ក្នុង​លី​ក ១៥ ប្រកួត​ចុងក្រោយ​របស់​ពួកគេ ពិសេស​ទៀត​នោះ​គឺ ១៥ ប្រកួត​ក្នុងផ្ទះ ពួកគេ​ឈ្នះ ១៤ ទៅហើយ​ដោយ​ស្មើ​តែ ១ ប៉ុណ្ណោះ​។ នៅក្រៅ​ផ្ទះ ក៏​ពួកគេ​ធ្វើ​បានល្អ​គ្រាន់បើ​ដែរ ដោយ​គ្រាន់តែ​សួរ Real Madrid ដែល​ចាញ់ ៤-០ កាលពីដើម​រដូវ​កាល​នេះ​ទៅ​ដឹង​ហើយ​។​

​    ​ប៉ុន្តែ​យើង​ក៏​មិនអាច​បន្ទោស Real ដែល​ចាញ់ Barca នៅពេល​នោះដែរ ព្រោះ​កាលពី​ដើមរដូវ​កាល​នេះ លោក Rafael Benitez នៅ​ជា​គ្រូបង្វឹក ហើយ​នរណា​ទៅ​ដឹងថា​គាត់​បែរជា​ធ្លាក់ខ្លួន​ទៅ​ដឹក​ក្រុម Newcastle បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេញពី​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ទៅ​? ក្រុម Real Madrid ប្រហែលជា​ដឹងខ្លួន​ថា នឹងមិន​អាច​លើក​ពាន​លី​ក​បានទេ​ក្នុង​រដូវ​កាល​នេះ​។ ពួកគេ​មានតែ​ផ្តោតលើ​ការ​ប្រជែង​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​នៅ​ពីលើ​គូសត្រូវ​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​គឺ​ក្រុម Atletico តែប៉ុណ្ណោះ និង​ពានរង្វាន់ Champions League​។ រឿង ដែល​មិនសូវ​ល្អ​ចំពោះ Real Madrid ក្នុង​រាត្រី​នេះ​គឺ​ពួកគេ​រកបាន​តែ ១៨ ពិន្ទុ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ក្នុង​លី​ក ១០ លើកចុងក្រោយ ហើយ​បរាជ័យ​ក្នុងផ្ទះ​ក្រោម​ថ្វី​ជើង Atletico បានសម្លាប់​ក្តីសង្ឃឹម​ប្រជែង​ពាន La Liga របស់​ពួកគេ​ទាំងស្រុង បើទោះជា​រក​គ្រាប់​បាល់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​កីឡាករ Ronaldo និង Bale ក៏ដោយ​។ ដូច្នេះ​ការប្រកួត​យប់​នេះ Barcelona នឹង​ទទួល​ជ័យជម្នះ​។​

​    ​*​ចំណុច​សំខាន់​សម្រាប់ការ​ប្រកួត​នេះ​
​    ​- ក្រុម Barcelona មិនទាន់​ចាញ់​សូម្បី​តែមួយ​ប្រកួត​តាំងពី​ខែតុលា ឆ្នាំ ២០១៥
​    ​- ក្រុម Barcelona ឈ្នះ​ដល់​ទៅ ១៤ ប្រកួត​និង​ស្មើ ១ ក្នុង​ការប្រកួត​ក្នុងផ្ទះ ១៥ លើកចុងក្រោយ​
​    ​- ក្រុម Barcelona បាន​បំបាក់ Real Madrid ដល់​ទៅ ៤-០ នៅ​ដើមរដូវ​កាល​នេះ​
​    ​- ក្រុម Real Madrid ឈ្នះ​តែ ៧ ប្រកួត​ប៉ុណ្ណោះ​ក្នុង​លី​ក ១៤ លើក​នៅក្រៅ​ផ្ទះ​របស់​ពួកគេ​

​    ​ក្រុម​អ្នកមាន​បុណ្យ Barcelona ចេះតែ​រក្សា​ជ័យជម្នះ​របស់​ពួកគេ ហើយ​យើង​អាច​បញ្ជាក់បាន​ថា ពួកគេ​នឹង​គ្រប់គ្រង​ការប្រកួត​ក្នុង​យប់​នេះ​។ ក្រុម​អធិរាជ​ស Real Madrid មិនសូវ​ជា​លេចធ្លោ​ឡើយ​នៅក្រៅ​ផ្ទះ​ ដូច្នេះ​យើង​ទស្សន៍ទាយ​ថា Barcelona នឹង​ទទួល​ជ័យជម្នះ​៕

adverise with khmeread

មតិយោបល់