ត្រាំចង់បិទ TikTok តែប៊ីលហ្គេតចង់ទិញវាពីចិន

ខណៈប្រធានាធិបតី Donald Trump កំពុងពិចារណាហាមឃាត់កម្មវិធីវីដេអូ TikTok ដែលគ្រប់គ្រងដោយចិននៅសហរដ្ឋអាមេរិក ឥឡូវស្រាប់តែក្រុមហ៊ុន Microsoft កំពុងពិចារណាទិញយកវេទិកាបណ្តាញសង្គមមួយនេះ។ នេះបើយោងតាមវេបសាយ Dailymail ចេញផ្សាយកាលពីថ្ងៃទី៣១ កក្កដា។

កាសែត New York Times បានរាយការណ៍ថា ក្រុមហ៊ុន Microsoft កំពុងពិភាក្សាទិញយក TikTok នេះយោងតាមប្រភពជាច្រើនដែលកត់សម្គាល់ថាកិច្ចព្រមព្រៀងនេះអាចនឹងផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិលើកម្មវិធីមួយនេះ។

ព័ត៌មាននេះកើតឡើងខណៈដែលលោក Trump គ្រោងនឹងប្រកាសការសម្រេចចិត្តនៅថ្ងៃសុក្រថា អាចនឹងដកហូតកម្មសិទ្ធិចេញពីក្រុមហ៊ុន ByteDance របស់ចិន បើចង់បន្តជីវិតនៅអាមេរិក។

TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណ ៨០០ លាននាក់នៅជុំវិញពិភពលោក បានបង្កើនការព្រួយបារម្ភក្នុងចំណោមមន្រ្តីនៅទូទាំងពិភពលោក និងមន្ត្រីអាមេរិកជុំវិញលទ្ធភាពគំរាមកំហែងផ្នែកសន្តិសុខរួមជាមួយការអះអាងថា រដ្ឋាភិបាលចិនកំពុងប្រើប្រាស់បច្ចេកវិជ្ជានេះដើម្បីស៊ើបការណ៍លើពលរដ្ឋរបស់ខ្លួន។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃសុក្រថា "យើងកំពុងសម្លឹងមើល TikTok។ យើងអាចនឹងហាមឃាត់ TikTok។ យើងកំពុងស្វែងរកជម្រើសជាច្រើនទាក់ទងនឹង TikTok"។

ទោះយ៉ាងណា វាហាក់ដូចជាផែនការរបស់លោក Trump អាចនឹងជួបឧបសគ្គ ព្រោះថាបច្ចុប្បន្ននេះក្រុមហ៊ុន Microsoft កំពុងចរចាជាមួយក្រុមហ៊ុន ByteDance ដើម្បីក្លាយជាម្ចាស់ថ្មីលើ TikTok។

ប្រភពអនាមិកជាច្រើនបានប្រាប់កាសែត New York Times ថា​ កិច្ចព្រមព្រៀងកំពុងត្រូវបានចរចា ប៉ុន្តែមិនដឹងច្បាស់ទេថា តើគេចរចាគ្នាដល់ណា៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត