សាក្សីសំខាន់ក្នុងករណីចៅប្រុសថៅកែគោជល់ថៃជិះឡានបុកប៉ូលិសស្លាប់ហើយរត់គេច ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

សាក្សីម្នាក់ក្នុងចំណោមសាក្សីពីរនាក់នៅក្នុងរឿងក្តីចៅប្រុសរបស់ថៅកែគោជល់ Red Bull ឈ្មោះ Vorayuth "Boss" Yoovidhya បានស្លាប់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តឈៀងម៉ៃកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី៣០កក្កដា។

លោក Jaruchart Maadthong អាយុ ៤០ ឆ្នាំបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម៉ោង ១ ទៀបភ្លឺ។ គាត់បានស្លាប់ភ្លាមៗនៅមន្ទីរពេទ្យ Maharaj Nakorn Chiang Mai ។

សាកសពរបស់គាត់ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យ។ ក្រុមគ្រួសារនិងសាច់ញាតិរបស់គាត់បាននិយាយថា ពួកគេមិនបានដឹងអ្វីទាំងអស់អំពីការពាក់ព័ន្ធរបស់គាត់នៅក្នុងករណីរឿងក្តីដ៏ល្បីកក្រើកពេញស្រុកថៃនេះ។

អ្នកខេត្តឈៀងរ៉ៃរូបនេះគឺជាសាក្សីសំខាន់មួយរូបក្នុងចំណោមសាក្សីសំខាន់ពីររូប ដែលបានបន្ថែមចូលនៅក្នុងរឿងក្តីនេះកាលពី ២ ឆ្នាំមុន។ ម្នាក់ទៀតជាមន្រ្តីទ័ពអាកាសចូលនិវត្តន៍ឈ្មោះ Jakkrit Thanomkulabutr ។ អ្នកទាំងពីរបានផ្តល់សក្ខីកម្មថា រថយន្ត Ferrari របស់ចៅប្រុសថៅកែគោជល់បានបើកក្នុងល្បឿនពី ៥០ ទៅ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលគ្រោះថ្នាក់បានកើតឡើង។

សាក្សីទាំងពីរនាក់នេះក៏បានផ្តល់សក្ខីកម្មផងដែរថាពួកគេបានឃើញប៉ូលិសម្នាក់ជិះម៉ូតូកាត់ផ្តាច់ពីមុខរថយន្ត Ferrari របស់លោក Vorayuth ជាហេតុបណ្តាលឱ្យគាត់បើកបុកម៉ូតូប៉ូលិសនោះ។ ជាលទ្ធផល ប៉ូលិសដែលស្លាប់នោះត្រូវបានគេដាក់ឈ្មោះជាជនសង្ស័យផ្សេងទៀតក្នុងករណីនេះរួមជាមួយលោក Vorayuth។

សាក្សីទាំងពីរគ្រោងនឹងជួបជាមួយក្រុមប្រឹក្សាតុលាការនៅថ្ងៃទី ៥ ខែសីហា។ ប្រធានក្រុមប្រឹក្សាបានជំរុញឱ្យមេប៉ូលិសផ្តល់ការការពារដល់អតីតទ័ពអាកាស ព្រោះគាត់គឺជាសាក្សីសំខាន់ដែលនៅសេសសល់សម្រាប់ការជំនុំជម្រះក្តី។

អគ្គរដ្ឋអាជ្ញារងលោក Nate Naksook តាំងនាមឱ្យអគ្គរដ្ឋអាជ្ញារបានចុះហត្ថលេខាលើសេចក្តីបង្គាប់មួយមិនឱ្យចោទប្រកាន់លោក Vorayuth ទេកាលពីចុងខែមិថុនាប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថៃមិនបានដឹងអំពីរឿងនេះទេរហូតដល់ទូរទស្សន៍ CNN បានទម្លាយព័ត៌មាននេះផ្អើលពេញស្រុកថៃកាលពីសប្តាហ៍មុន៕ ប្រភព៖ Bangkok Post 
 

adverise with khmeread