តារា TikTok ល្បីៗរបស់អាមេរិកនាំគ្នាសម្រក់ទឹកភ្នែកលាជាលើកចុងក្រោយ បន្ទាប់ពីត្រាំប្រកាសបិទកម្មវិធីវីដេអូចិនដ៏ល្បីនេះ

តារា TikTok ល្បីៗរបស់អាមេរិកកំពុងនិយាយលាជាលើកចុងក្រោយនូវកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ចិន បន្ទាប់ពីលោកប្រធានាធិបតីត្រាំបានប្រកាសថាលោកបានហាមឃាត់កម្មវិធីវីដេអូដែលគ្រប់គ្រងដោយចិនកាលពីថ្ងៃសៅរ៍ទី១សីហា ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខជាតិ។

ប្រព័ន្ធបណ្តាញសង្គមចិនមួយនេះ ដែលអ្នកប្រើប្រាស់អាចបង្កើតវីដេអូ ១៥ ឬ ៦០ វិនាទី បានទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យកាលពីឆ្នាំមុន ហើយត្រូវគេប៉ាន់ស្មានថាមានជនជាតិអាមេរិកប្រើប្រាស់ជាង ៨០ លាននាក់។

នៅពេលដំណឹងនៃការហាមឃាត់នេះបានលេចឡើងកាលពីថ្ងៃសុក្រ ពួកតារា TikTok បានប្រញាប់ប្រញាល់និយាយពាក្យលាចុងក្រោយរបស់ពួកគេចំពោះកម្មវិធីមួយនេះ ដែលធ្វើឱ្យពួកគេមានឈ្មោះល្បីល្បាញ ដោយស្នើសុំឱ្យអ្នកគាំទ្រចុច Follow ពួកគេនៅលើ Instagram ឬ YouTube ជំនួសវិញ។

ក្នុងចំណោមនោះមានអ្នកជំនាញថែរក្សាស្បែកដ៏មានប្រជាប្រិយម្នាក់ឈ្មោះ SkincarebyHyram ដែលប្រមូលបានអ្នកគាំទ្រចំនួន ៥,២ លាននាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយចែករំលែកវីដេអូអំពីគន្លឹះថែរក្សាសម្រស់និងថែរក្សាស្បែករបស់គាត់។

លោកបាននិយាយក្នុងវីដេអូ TikTok ចុងក្រោយថា "លាហើយអ្នករាល់គ្នា។ អ្នកទាំងអស់គ្នាបានធ្វើឱ្យជីវិតរបស់ខ្ញុំអស្ចារ្យមិនគួរឱ្យជឿក្នុងរយៈពេលប្រាំខែចុងក្រោយនេះ។ ខ្ញុំនឹងនឹកអនុស្សាវរីយ៍របស់យើង ពេលនឹកឃើញដល់មុខមាត់ស្រស់ស្អាតរបស់អ្នកទាំងអស់គ្នានិងសំណើចរបស់អ្នកទាំងអស់គ្នា។ ត្រូវចងចាំ ៖ រក្សាស្បែកឱ្យភ្លឺថ្លាជានិច្ច"។

កំពូលតារា TikTok និងជាតារាចម្រៀងនាង Dixie D'Amelio ក៏បានបង្ហោះវីដេអូប្រតិកម្មរបស់នាងចំពោះការបាត់បង់កម្មវិធីវីដេអូដ៏ល្បីនេះផងដែរ ដោយថតខ្លួននាងអង្គុយសម្លឹងមើលកាមេរ៉ាទាំងកើតទុក្ខមិននិយាយអ្វីសោះ អមជាមួយបទ "ចូររីករាយ" ដែលចាក់កំដរការខូចចិត្តរបស់នាង។

នាង Dixie អាយុ ១៨ ឆ្នាំនិងប្អូនស្រីរបស់នាងឈ្មោះ Charli អាយុ ១៦ ឆ្នាំមកពីទីក្រុង Norwalk រដ្ឋ Connecticut បានក្លាយជាតារាដ៏ល្បីបំផុតទាំងពីរនាក់នៅលើ TikTok ដែលពួកនាងបានចូលរួមលេងកាលពីរដូវក្តៅមុន បន្ទាប់ពីវីដេអូនៃការច្រៀងនិងការរាំរបស់ពួកនាងល្បីល្បាញយ៉ាងខ្លាំង។

នាង​ Charli ដែលមិនទាន់មានប្រតិកម្មចំពោះការហាមឃាត់នេះ បច្ចុប្បន្នជាតារាដែលមានអ្នកគាំទ្រច្រើនបំផុតនៅលើ TikTok គឺ ៧៥,១ លាននាក់ ខណៈបងស្រីរបស់នាងមានអ្នកគាំទ្រ ៣២ លាននាក់។

តារាស្រីទាំងពីរល្បីឈ្មោះចំពោះការធ្វើវីដេអូជាមួយតារា TikTok ល្បីឈ្មោះមួយរូបទៀតគឺនាង Addison Rae ដែលមានអ្នកគាំទ្រចំនួន ៥៣,៣ លាននាក់។

នាង Addison អាយុ ១៩ ឆ្នាំបានចូលក្នុង Twitter បន្ទាប់ពីបានដឹងព័ត៌មាននេះ ហើយបានស្នើឱ្យអ្នកគាំទ្រផ្ញើរូបផ្កាដើម្បីកាន់ទុក្ខ TikTok៕ 

adverise with khmeread