យុវសិស្សម្នាក់ទៅប្រឡងតាមអនឡាញ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញកិនស្លាប់

ភ្នំពេញ ៖ យុវសិស្សម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនទៅប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យដួលទៅលើថ្នល់ស្របគ្នាក៏មានរថយន្តកូរ៉េមួយគ្រឿងបើកមកដល់កិនចំជនរងគ្រោះ រួចរថយន្តបានបន្តបើករត់ជាង១គីឡូម៉ែត្រ ទើបត្រូវប្រជាពលរដ្ឋតាមឃាត់បានប្រគល់ឱ្យកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅទី៣។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១ សីហា ឆ្នាំ ២០២០ លើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា សពយុវជខាងលើឈ្មោះ លន់ សៀងលី អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ជិះម៉ូតូម៉ាកហុងដាឌ្រីម០១៨ ពាក់ស្លាកលេខ កំពង់ធំ 1K.7116 មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣។

យោងតាមសម្តីអ្នកបើកបររថយន្ត ឈ្មោះ លួន ស៊ាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ មានទីលំនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជនរងគ្រោះជិះប៉ះម៉ូតូគេផ្សេងហើយដួលចូលរថយន្តរបស់គាត់ គាត់គ្មានចេតនានោះទេ។

តាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួលទៅនឹងថ្នល់ ស្របគ្នានោះក៏មានរថយន្តហ៊ីយ៉ាន់ដាយពណ៌ស ចំណុះ៣តោនកន្លះ ពាក់ស្លាកលេខកំពង់ចាម 3A.5449 ស្របគ្នាកិនចំជនរងគ្រោះបណ្ដាលឱ្យស្លាប់តែម្ដង។

បើតាមសម្តីឪពុកជនរងគ្រោះ បានដឹងថា  កូនប្រុសរបស់បានចេញពីកន្លែងគាត់លក់ដូរ នៅម្តុំកំបូល ដោយកូនរបស់គាត់ប្រាប់ថាទៅប្រលងតាមអនឡាញជាមួយគ្រូ ។ស្រាប់តែដល់ម៉ោងខាងលើ មានគេទូរស័ព្ទមកថាកូនរបស់គាត់ គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយ គាត់និងប្រពន្ធស្លុតចិត្តយ៉ាងខ្លាំងទើបនៅគ្នាមកមើលកូនតែម្តង។

ក្រោយកើតហេតុប៉ូលិសមូលដ្ឋាន ចុះសម្រួលចរាចរណ៍និងរាយការណ៍ទៅប៉ូលិសផ្នែកជំនាញ សហការជាមួយប៉ូលិសការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរៀបចំឯកសារ ប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួច នាំយកទាំងអ្នកបើកបរផង ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក កសាងសំណុំរឿងតាមនីតិវិធី៕


 

adverise with khmeread