ឪពុកឈ្លោះជាមួយកូន ហើយយកកាំបិតកាប់របួសក្បាលត្រូវបានប៉ូលិសឃាត់ខ្លួន

កណ្តាល ៖ បុរសជាឪពុកត្រូវបានប៉ូលិសឃាត់ខ្លួនបន្ទាប់ពីឈ្លោះជាមួយកូន ហើយយកកាំបិតកាប់របួសក្បាលកូនកើតឡើងកាលពីថ្ងៃ​សៅរ៍​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០២០​ វេលាម៉ោង​១០ និង​៣០​នាទីនៅចំណុច​កើត​ហេតុក្រោម​ផ្ទះ​ជនរងគ្រោះ​ ភូមិចុង​កោះធំ​ ឃុំកោះធំ(ក)​ ស្រុកកោះធំ​ ខេត្តកណ្ដាល​។ 

ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ​ ឡឹង​ សាក់​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​-ឃុំកើតហេតុខាងលើ មុខរបរកសិកររបួសក្បាល។ ចំណែកជនសង្ស័យ​ឈ្មោះ​ ខ្លុយ​ ឡឹង​ ភេទប្រុស​ អាយុ​ ៥០ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​-ឃុំកើតហេតុខាងលើ​ មុខរបរ​ កសិករ​ ត្រូវ​ជាឪពុក​បង្កើត​របស់ជនរងគ្រោះ។ វត្ថុ​តាងចាប់យកកាំបិតប៉័ងតោ​ ពណ៌ខ្មៅ​ ចំនួន​ ០១។ 

ប៉ូលិសបន្តថា ជនរងគ្រោះកំព្រាម្ដាយដោយម្ដាយបានស្លាប់ចោលតាំងពីនៅតូចដោយបានរស់នៅជាមួយបងប្អូន និងឪពុក ហើយកន្លងមកជនសង្ស័យជាឪពុកតែងតែផឹកស្រាស្រវឹងជាប្រចាំ។ រាល់ពេលស្រវឹងតែងរករឿងឡូឡាដាក់កូនចៅ​ និងធ្លាប់ទាក់ពាក្យសម្ដីគំរាមរកកាប់ជនរងគ្រោះ​ ឡឹង​ សាក់​ ពីរបីដងមកហើយ។ 

លុះនៅពេលកើតហេតុខាងលើ ជនសង្ស័យ​បានផឹកស្រាស្រវឹងនៅខាងលើផ្ទះ​ ពេលនោះចៅៗតូចៗរបស់ខ្លួននៅខាងក្រោមផ្ទះឈ្លោះគ្នា​ ហើយជនសង្ស័យក៏បានស្រែកប្រាប់កុំឱ្យឈ្លោះគ្នា​។ ស្រាប់តែភ្លាមនោះជនរងគ្រោះបានស្រែកដាក់ទៅឪពុកថា «កុំនិយាយលេងសើចច្រើនជាមួយក្មេងៗពេក​ ព្រោះ​វារំខានដល់ខ្លួន​»។

ពេលនោះពីរនាក់ឪពុក​ កូន​ ក៏បានទាក់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង​ ធ្វើឱ្យឪពុកដែលជាជនសង្ស័យ​បានទាញកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ​ចំក្បាល​០១កាំបិត​ បណ្ដាលឱ្យបែកចេញឈាមតែម្ដង។ បន្ទាប់​មក​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុកកោះធំ។​ ចំណែក​ជនសង្ស័យ​ ត្រូវ​បាន​សម្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្ដិ៍រដ្ឋបាលកោះធំ (ក) តែម្ដង។ 

ដោយជនរងគ្រោះ​ និងក្រុម​គ្រួសារ​បងប្អូនជនរងគ្រោះ សំណូមពរដល់សមត្ថកិច្ចឱ្យអប់រំ​ ដល់ជនសង្ស័យ​ជាឪពុក នៅត្រឹមអធិរដ្ឋានប៉ូលិសស្រុក២៤ម៉ោង ដោយពុំចាំបាច់បន្តចាត់ការតាមច្បាប់ទេ។ បច្ចុប្បន្ន ជនសង្សយ័ត្រូវបានឃាត់ខ្លួនអប់រំនៅត្រឹមអធិការដ្ឋានស្រុកតាមសំណូមពរ៕


 

adverise with khmeread