លើកមុនរកឃើញត្បូងកម្រលក់បានរាប់លាន ឥឡូវបុរសដដែលរកឃើញត្បូងកម្រមួយទៀត លក់បានរាប់លានទៀត

អ្នកជីករ៉ែខ្នាតតូចជនជាតិតង់ហ្សានីមួយរូប ដែលបានក្លាយទៅជាសេដ្ឋីលុយលានដុល្លារត្រឹមមួយប៉ព្រិចភ្នែកកាលពីខែមិថុនា សម្រាប់ការលក់ត្បូង Tanzanite ពីរដុំតម្លៃ ៣,៤លានដុល្លារ បានលក់ត្បូងដ៏មានតម្លៃផ្សេងទៀតសម្រាប់តម្លៃ​ ២លានដុល្លារ។

ត្បូងដ៏មានតម្លៃដុំទីបីមួយនេះដែលរកឃើញដោយលោក Saniniu Laizer គឺមានទម្ងន់ ៦,៣គីឡូក្រាម។ ត្បូង Tanzanite ត្រូវបានគេរកឃើញតែនៅភាគខាងជើងនៃប្រទេសតង់ហ្សានីប៉ុណ្ណោះ ហើយត្រូវបានប្រើសម្រាប់ធ្វើគ្រឿងលម្អ។

ត្បូងនេះគឺជាត្បូងដ៏កម្របំផុតមួយនៅលើផែនដី ហើយភូគព្ភវិទូក្នុងស្រុកម្នាក់ប៉ាន់ស្មានថា ការផ្គត់ផ្គង់របស់វាអាចត្រូវបានបំផ្លាញទាំងស្រុងក្នុងរយៈពេល ២០ឆ្នាំខាងមុខ។

លោក Lazier បានជំរុញឱ្យអ្នករកស៊ីរុករករ៉ែខ្នាតតូចដូចគាត់ធ្វើការជាមួយរដ្ឋាភិបាល ដោយនិយាយថាបទពិសោធន៍របស់គាត់គឺជាគំរូល្អ។

បន្ទាប់ពីការលក់ថ្មត្បូងចំនួន ២ដុំរបស់គាត់ដែលមានទម្ងន់ ៩,២ គីឡូក្រាម និង ៥,៨គីឡូក្រាមកាលពីខែមិថុនា ឪពុកដែលមានកូនជាង ៣០នាក់រូបនេះ បានប្រាប់ទៅវេបសាយ BBC ថា គាត់នឹងធ្វើពិធីជប់លៀងដ៏គគ្រឹកគគ្រេងមួយ។

ប៉ុន្តែកាលពីថ្ងៃចន្ទ គាត់បាននិយាយថា លុយទាំងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់សាលារៀនមួយ និងមណ្ឌលសុខភាពមួយនៅក្នុងសហគមន៍របស់គាត់ក្នុងស្រុក Simanjiro ភាគខាងជើងតំបន់ Manyara។

គាត់ប្រាប់ទៅ BBC កាលពី ២ខែមុនថា លាភដ៏ធំរបស់គាត់មួយនេះនឹងមិនផ្លាស់ប្តូររបៀបរស់នៅរបស់គាត់ឡើយ ហើយថាគាត់មានគម្រោងបន្តមើលថែគោ ២០០០ ក្បាលរបស់គាត់ ដោយបន្ថែមថា គាត់គ្មានបារម្ភរឿងសុវត្ថិភាពអ្វីនោះទេ ត្បិតកើបលុយរាប់លានពីការលក់ត្បូងក៏ដោយ៕ 

adverise with khmeread