លោកត្រាំនិយាយថា ពលរដ្ឋអាមេរិកស្លាប់មួយថ្ងៃ​ជាង ១០០០ នាក់សបញ្ជាក់ថាអាមេរិកដោះស្រាយជាមួយកូវីដបានល្អជាងប្រទេសណាៗទាំងអស់

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រា បានប្រកាសថា វីរុសកូរ៉ូណា គឺ "ស្ថិតនៅក្រោមការគ្រប់គ្រង" នៅក្នុងសហរដ្ឋអាមេរិក ហើយបញ្ជាក់ថា អត្រាស្លាប់របស់ប្រទេសមួយនេះ គឺ "ទាបជាងពិភពលោក"។

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងកម្មវិធីវេបសាយ Axios នៅលើទូរទស្សន៍ HBO ដែលថតទុកកាលពីថ្ងៃអង្គារមុន ប៉ុន្តែបានចាក់ផ្សាយនៅយប់ថ្ងៃចន្ទទី៣សីហា លោក ត្រាំ បាននិយាយថា​ វីរុសមួយនេះគឺគ្រប់គ្រងបានយ៉ាងល្អនៅទូទាំងអាមេរិក ទោះបីជាប្រទេសមួយនេះមានចំនួនករណីឆ្លងថ្មីជាមធ្យម ៦៥.០០០នាក់ និងស្លាប់ជាង ១.០០០នាក់ក្នុងមួយថ្ងៃក្តី។

លោក ត្រាំ បាននិយាយថា "ពួកគេកំពុងស្លាប់ នោះជារឿងពិត។ ហើយអ្នកត្រូវទទួលយកអ្វីដែលបានកើតឡើង។ ប៉ុន្តែនោះមិនមែនមានន័យថា យើងមិនបានធ្វើអ្វីដែលយើងអាចធ្វើនោះទេ។ វាស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងច្រើន។ នេះគឺជាគ្រោះកាចដ៏អាក្រក់មួយ"។

ដោយលើកឡើងពីតារាងនិងក្រាហ្វិកទាក់ទងនឹងអត្រាស្លាប់ប្រៀបធៀបនឹងករណីនៅអាមេរិក លោកត្រាំបាននិយាយថា "សហរដ្ឋអាមេរិកគឺទាបបំផុតនៅក្នុងផ្នែកជាច្រើន។ យើងទាបជាងពិភពលោកនិងអឺរ៉ុប"។

បន្ទាប់ពីពិនិត្យគំនូសលើតារាង អ្នកសារព័ត៌មាន Axios លោក Jonathan Swan បានបំភ្លឺថា លោកកំពុងសួរអំពីការស្លាប់ដែលជាសមាមាត្រនៃប្រជាជន ដោយនិយាយថា "តារាងនោះហើយដែលសហរដ្ឋអាមេរិកពិតជាយ៉ាប់យ៉ឺនជាងគេ។ អាក្រក់ខ្លាំងជាងកូរ៉េខាងត្បូង អាល្លឺម៉ង់ និងបណ្តាប្រទេសដទៃទៀត"។

លោកត្រាំបានវាយបកវិញ ដោយអះអាងថា "លោកឯងមិនអាចលើកឡើងដូច្នេះទេ"។

លោកត្រាំបានកាន់គំនូសតារាងរបស់គាត់ ដោយនិយាយថា "លោកឯងគួរតែចាប់ផ្តើមចេញពីត្រង់នេះ សូមមើលចុះ ពីទីនេះគឺជាសហរដ្ឋអាមេរិក។ លោកឯងគួរតែពិនិត្យមើលតាមករណីឆ្លងនិងស្លាប់នីមួយៗ"។ 

លោក Swan បានចោទសួរថា "ហេតុអ្វីបានជាមិនមែនជាសមាមាត្រនៃប្រជាជន?" លោក ត្រាំ បាននិយាយថា​ "អ្វីដែលគេនិយាយគឺថា នៅពេលអ្នកឯងមានករណីមួយនៅកន្លែងណាហើយនោះ គឺគេគិតករណីពីកន្លែងនោះឯង"។

អ្នកសារព័ត៌មានរូបនេះបានចង្អុលបង្ហាញទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកស្លាប់ ៣០០នាក់ ហើយប្រជាជន ៥១លាននាក់។ លោក ត្រាំ បានបន្តលើកឡើងថា អត្រាមរណភាពរបស់កូរ៉េខាងត្បូងគឺទាបខ្លាំងណាស់ ព្រោះពួកគេអាចនឹងក្លែងបន្លំតួលេខរបស់ពួកគេ។ លោក ត្រាំ បាននិយាយថា "អ្នកមិនដឹងរឿងទាំងនោះឡើយ"។

លោក Swan ដែលភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ បានឆ្លើយតបថា "លោកគិតថាពួកគេកំពុងកុហកពីស្ថិតិរបស់ពួកគេ? កូរ៉េខាងត្បូង ដែលជាប្រទេសជឿនលឿនមួយ និយាយកុហកចឹង?"។

លោកត្រាំបាននិយាយថា "ខ្ញុំមិនជ្រៀតចូលរឿងនោះទេ ដោយសារតែយើងមានទំនាក់ទំនងល្អជាមួយប្រទេសមួយនេះ។ ប៉ុន្តែអ្នកមិនដឹងរឿងទាំងនោះទេ។ ហើយពួកគេមានករណីឆ្លងកើនឡើងខ្លាំងណាស់"៕ ប្រភព៖ Daily Mail 

adverise with khmeread