កុមារីអាយុ៣ឆ្នាំឆក់ខ្សែភ្លើងស្លាប់, ខណៈឪពុកម្តាយមិននៅផ្ទះ

កណ្តាល ៖​ មានករណីឆក់ចរន្តអគ្គិសនីបណ្តាលឱ្យកុមារីម្នាក់ស្លាប់​ កើតឡើង​ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០ និង៤៥ នាទី នៅចំណុចភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ បញ្ញា ស្រីឡា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ របួសរលាត់ស្បែកលើមេដៃខាងឆ្វេង (ស្លាប់) មានឪពុកឈ្មោះ ផល បញ្ញា អាយុ២៦ឆ្នាំ មុខរបរកសិករនិងម្តាយឈ្មោះ កុសល់ ចន្រ្ទា អាយុ២១ ឆ្នាំ មុខរបរកសិករ។

ប៉ូលិសបន្តថា​ ជាយូរមកហើយឪពុកម្តាយរបស់កុមារីរងគ្រោះ បានតខ្សែភ្លើងពីលើផ្ទះ ដាក់ព្រីនៅលើគ្រែ ក្រោមរានហាលផ្ទះ សម្រាប់ដាក់កង្ហារ ដេកលេងពេលថ្ងៃ។

លុះដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០ ឈ្មោះ កុសល់ ចន្រ្ទា ត្រូវជាម្តាយបានចេញទៅក្រៅដោយទុកឱ្យកូននៅលេងជាមួយក្មេងៗនៅក្បែរផ្ទះ។

មួយសន្ទុះក្រោយមកឈ្មោះ កុសល់ ចន្រ្ទា ជាម្តាយក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញជនរងគ្រោះ ដេកនៅលើដីមានសភាពស្លេកស្លាំង និងឃើញមានដុំព្រីភ្លើងបែកគំរប និងពូថៅតូចមួយនៅក្បែរនោះដែរ។

បន្ទាប់មកឈ្មោះ កុសល់ ចន្រ្ទា បានស្រែកឆោឡោឱ្យគេជួយ ហើយមានមនុស្សជាច្រើនបាន យកជនរងគ្រោះ ទៅមណ្ឌលសុខភាព តែជនរងគ្រោះបានបាត់បង់ជីវិតហើយ និងបានរាយការណ៍ជូនសម្ថកិច្ចប៉ុស្តិ៍សន្លង។

ក្រោយមកកម្លាំងប៉ូលិសជំនាញស្រុក សហការជាមួយ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ កម្លាំងប៉ុស្តិ៍ និងក្រុមគ្រួសារសព បានពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា​ ជនរងគ្រោះស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនី ពិតប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread