ផឹកស្រវឹងបោកចានបោកកែវក្នុងហាងបែកខ្ទេចខ្ទី,លើកនេះមិនរួចខ្លួនទេត្រូវប៉ូលិសឃាត់ខ្លួន

កណ្តាល ៖ បុរសម្នាក់ដែលតែងតែផឹកស្រវឹងបោកចានបោកកែវក្នុងហាងបែកខ្ទេចខ្ទី នៅលើកចុងក្រោយនេះត្រូវបានម្ចាស់ហាងប្តឹងដល់ប៉ូលិសឱ្យឃាត់ខ្លួន នាថ្ងៃទី​០៤ ខែ​សីហា​ ឆ្នាំ​២០២០​ វេលាម៉ោង​៦ និង​២០នាទីព្រលប់ នៅចំណុច ហាងលក់ដូរយីហោពិទ័រគន្ធា ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ​ ខេត្តកណ្ដាល​។ 

ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ​ ទុយ​ ហុង​ ភេទប្រុស​ អាយុ​ ៤០ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​-ឃុំកើតហេតុខាងលើ​ មុខរបរ​មេការផ្ទះសំណាក់ពិទ័រគន្ធា​។ ចំណែកជនសង្ស័យ​ឈ្មោះ​ អៀង​ សុគន្ធ​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិព្រែកស្ដី​ ឃុំព្រែកស្ដី​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ​បុគ្គលិក​កាស៊ីណូ​។ វត្ថុ​តាងចាប់យកកៅអីឈើបាក់បែកចំនួន​ ០១និងសម្ភារៈ​ខូចខាតកៅអី​ឈើ​ ០១ កែវ​ ចាន​ អស់មួយចំនួនធំ។ 

ប៉ូលិសបន្តថា កន្លងមកជនសង្ស័យ​អៀង​ សុគន្ធ​ ធ្លាប់​ចូលផឹកស៊ីនៅហាងយីហោពិទ័រគន្ធាជាញឹកញាប់មកហើយពុំដែលមានបង្កបញ្ហាអ្វីទេ។ លុះនៅថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ​២០២០​ វេលាម៉ោងប្រមាណជា៧យប់​ ឈ្មោះ​ អៀង​ សុគន្ធ​ និងមិត្តភក្ដិបួនទៅប្រាំនាក់​ បានចូលទៅផឹកស៊ីនៅក្នុងហាងខាងលើ ក្រោយមកក៏បានទាក់ពាក្យសម្ដីគ្នាជាមួយនារីរត់តុ​ ហើយជនសង្ស័យបានបោកកែវ​ បោកចាន​ ខូចខាតអស់ជាច្រើន​ តែម្ចាស់ហាងពុំរករឿងទេ​ គ្រាន់តែបានទទួលសំណងការខូចខាតបានមួយចំនួន​ នៅខ្វះមួយចំនួនទៀតចាំគិតពេលក្រោយ។ 

លុះនៅពេលកើតហេតុខាងលើជនសង្ស័យ​ និងមិត្ត​ភក្ដិ​ម្នាក់ទៀត​ បានចូលទៅហាងផឹកស៊ីខាងលើនោះទៀត​ ដោយស្ថិតក្នុងសភាពស្រវឹងទៅហើយ។ ពេលចូលទៅដល់ក៏មានទំនាស់ជាមួយមេការនៅទីនោះ​ រួចបានបោកកៅអីជ័រក្នុងហាង​ និងវាយទៅលើជនរងគ្រោះមួយដៃចំមុខថែមទៀតផង​។  

ក្រោយមកជនរងគ្រោះក៏បានរាយការណ៍តាមទូរស័ព្ទទៅប៉ូលិសប៉ុស្ដិ៍សំពៅពូន។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាមកម្លាំងប៉ូលិសប៉ុស្ដិ៍បានចុះនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំតែម្ដង។ 

នៅចំពោះមុខប៉ូលិស​ ជនសង្ស័យ​បានសារភាពថា​ ខ្លួនពិតជាបានផឹកស៊ីស្រវឹងវាយបំផ្លាញសម្ភារៈប្រើប្រាស់នៅក្នុងហាងយីហោពិទ័រគន្ធា​ និងវាយទៅលើឈ្មោះ​ ទុយ​ ហុង​ ប្រាកដមែន។ប៉ូលិសកំពុងចាត់ការបន្តតាមនីតិវិធី៕


​    

adverise with khmeread