បុរសម្នាក់កប់ក្រោមដុំថ្មជាង១០ម៉ោងនៅតែខំប្រឹងតស៊ូចាំអ្នកសង្គ្រោះ ខណៈគិលានុបដ្ឋាយិកាម្នាក់ក្លាយជាវីរនារីក្រោយប្តូរជីវិតទៅសង្គ្រោះទារក៣នាក់នៅមន្ទីរពេទ្យបៃរូត

នេះគឺជាគ្រាដ៏គួរឱ្យភ្ញាក់ផ្អើលដែលបុរសម្នាក់ត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារផ្ទះល្វែង ក្រោយកប់ក្រោមដុំថ្មជាង១០ម៉ោង បន្ទាប់ពីការផ្ទុះដ៏ធំមួយបានកម្ទេចទីក្រុងបៃរូត។

គេអាចឮសំឡេងអបអរសាទរថា " Issam នៅរស់!ៗ" ខណៈដែលបុរសរងរបួសត្រូវបានដាក់នៅលើក្រណាត់មួយហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលគាត់គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ៤ពាន់នាក់ក្នុងហេតុការណ៍ផ្ទុះនេះ។

ទន្ទឹមនឹងនេះដែរប្រជាជនដែលអស់សង្ឃឹមផ្សេងទៀតបានចាប់ផ្តើមស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេតាមអ៊ីនធឺណេតនិងនៅក្នុងមន្ទីរពេទ្យ ខណៈដែលមនុស្សរាប់សិបនាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។

ក្នុងចំណោមពួកគេគឺជាកម្មករនៅឯកំពង់ផែ ដែលបានផ្ទុះនោះ ហើយអ្នកពន្លត់អគ្គិភ័យម្នាក់ដែលត្រូវបានបញ្ជូនទៅពន្លត់អគ្គិភ័យនៅឯផែ មុនពេលការផ្ទុះកាន់តែធំបានកើតឡើង។

ទន្ទឹមនឹងនេះគិលានុបដ្ឋាយិកាម្នាក់ត្រូវបានគេកោតសរសើរថាជាវីរនារី បន្ទាប់ពីបានប្រថុយជីវិតជួយសង្គ្រោះទារកទើបនឹងកើតចំនួន ៣ នាក់ពីមន្ទីរពេទ្យ ដែលត្រូវបានខ្ទេចខ្ទីដោយការរញ្ជួយពីការផ្ទុះនោះផងដែរ៕

 

adverise with khmeread