អ៊ីស្រាអែលថាអត់មានពាក់ព័ន្ធរឿងផ្ទុះនៅលីបង់ទេ ខណៈប្រទេសសត្រូវទាំងពីរកំពុងតានតឹងនឹងគ្នាស្រាប់

អ៊ីស្រាអែលបានបដិសេធថាខ្លួនមិនមានអ្វីពាក់ព័ន្ធជាមួយការផ្ទុះដ៏ធំនៅរដ្ឋធានីបៃរូតទេ ដោយបន្ថែមថា ប្រទេសមួយនេះបានត្រៀមផ្តល់ជំនួយមនុស្សធម៌និងវេជ្ជសាស្ត្រជាស្រេចដល់ប្រទេសលីបង់។

ការផ្ទុះដ៏ធំមួយនៅក្នុងឃ្លាំងកំពង់ផែក្បែរកណ្តាលទីក្រុង បានសម្លាប់មនុស្សជាង ១០០នាក់ រងរបួសជាង ៤០០០នាក់ និងជះកម្លាំងរញ្ជួយនិងសម្ពាធដ៏ខ្លាំងក្លានៅចម្ងាយរាប់រយគីឡូម៉ែត្រ ដោយបំផ្លាញទ្រព្យសម្បត្តិនៅជុំវិញនោះយ៉ាងធ្ងន់ធ្ងរ។

ក្រុមមន្រ្តីបាននិយាយថា ពួកគេរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការផ្ទុះកាលពីថ្ងៃអង្គារ ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់បានជីកតាមកម្ទេចកម្ទីដើម្បីជួយសង្គ្រោះមនុស្ស និងយកអ្នកស្លាប់ចេញ។ វាគឺជាការផ្ទុះដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបានវាយប្រហារទីក្រុងបៃរូត ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចជាស្រេចដោយសារវីរុសកូរ៉ូណា និងការកើនឡើងចំនួនអ្នកឆ្លងវីរុសមួយនេះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបង់បាននិយាយថា ព័ត៌មានដំបូងបានបង្ហាញថា សារធាតុផ្ទុះខ្លាំង ដែលរឹបអូសបានជាច្រើនឆ្នាំកន្លងមកនិងរក្សាទុកនៅកំពង់ផែមួយនេះបានផ្ទុះឡើង។ អ៊ីស្រាអែល ដែលបានធ្វើសង្គ្រាមជាច្រើនជាមួយលីបង់ បានបដិសេធតួនាទីពាក់ព័ន្ធណាមួយក្នុងរឿងមួយនេះ។

សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz និងរដ្ឋមន្ត្រីការបរទេសលោក Gabi Ashkenazi បាននិយាយ "ប្រទេសអ៊ីស្រាអែលបានទាក់ទងជាមួយប្រទេសលីបង់តាមរយៈបណ្តាញសន្តិសុខ និងការទូតអន្តរជាតិ ហើយបានផ្តល់ជំនួយវេជ្ជសាស្ត្រ និងជំនួយមនុស្សធម៌ដល់រដ្ឋាភិបាលលីបង់"។

ជំនួយមួយនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកើនឡើងរយៈពេលពីរសប្តាហ៍រវាងប្រទេសគូសត្រូវជាប់របងនឹងគ្នាទាំងពីរ ដែលពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាតាមព្រំដែនរវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហេសប៊ូឡារបស់លីបង់នៅព្រំដែនខាងជើងរបស់អ៊ីស្រាអែល៕ ប្រភព៖ Daily Mail

adverise with khmeread