ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិថែមម្នាក់ទៀត

កណ្តាល ៖ ជនសង្ស័យជាចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិម្នាក់ទៀតត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន នាថ្ងៃទី៥ សីហា ឆ្នាំ២០២០ បន្ទាប់ពីបានចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗកាលពីថ្ងៃទី០២ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីនៅចំណុចផ្ទះឈ្មោះ ជីម សុខរិទ្ធ នៅភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជីម សុខរិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក ទីលំនៅភូមិសង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ឈន ឌីជីវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ និងបញ្ជូនទៅតុលាការថ្ងៃទី០៣ សីហា ២០២០) និង២-ឈ្មោះ លន់ វ៉ាលីត ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនបាននៅថ្ងៃទី០៥ សីហា ២០២០)។ វត្ថុតាងចាប់យក១-ទូរស័ព្ទចំនួន១គ្រឿង ម៉ាក SAMSUNG និង២-នាឡិកាដៃចំនួន១គ្រឿង។

ប៉ូលិសបន្តថា កាលពីថ្ងៃទី០២ សីហា ឆ្នាំ២០២០ កម្លាំងប៉ូលិសក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈន ឌីជីវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ និងវត្ថុតាងក្នុងករណីអំពើលួចគាស់ផ្ទះ នៅចំណុចកើតហេតុខាងលើ បញ្ជូនទៅតុលាការខេត្តកណ្តាល។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ លន់ វ៉ាលីត ភេទប្រុស បានរត់គេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី០៥ សីហា ឆ្នាំ២០២០ ទើបកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យដែលសេសសល់ឈ្មោះ លន់ វ៉ាលីត បានម្នាក់ទៀត បញ្ជូនទៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីតែម្តង៕


 

adverise with khmeread