ឈប់ម៉ូតូកង់បីរង់ចាំម៉ូយត្រូវចោរឆក់យកទូរស័ព្ទជាប់នឹងម៉ូតូទៅបាត់

ភ្នំពេញ ៖ ជាទូទៅបងប្អូនប្រកបអាជីពរត់ម៉ូតូកង់បីឥណ្ឌាភាគច្រើនបំផុត បានភ្ជាប់ទូរស័ព្ទដៃមួយគ្រឿង នៅចំពីមុខដើម្បីងាយស្រួលមើលចំនួនគីឡូម៉ែត្រ ដើម្បីគិតលុយ និង ការបញ្ជាផ្សេងៗពីក្រុមហ៊ុន ប្រសិនបើអ្នករត់កង់៣នោះមានភ្ជាប់ការរកម៉ូយជាមួយក្រុមហ៊ុនណាមួយ។ ឥឡូវនេះ ចោរដាច់ដាបចេះតែបង្កើនគំនិតរកនឹកឃើញឆក់យកទូរស័ព្ទ ពីលើម៉ូតូប្រសិនបើបងប្អូនខ្វះការប្រុងប្រយ័ត្នខ្ពស់។ 

ជាក់ស្ដែងជនសង្ស័យពីរនាក់បានឆក់យកទូរសព្ទ័ដៃ ពីលើម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បានសម្រេចរួចជិះរត់គេចបាត់ នៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ៣៣៧ កែងផ្លូវលេខ៥២៨ ចម្ងាយប្រហែល៥០ម៉ែត្រពី ស្នាក់ការប៉ុស្តិ៍ប៉ូលិសបឹងកក់ទី១ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ស៊ិ គីមគួន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា រាល់ថ្ងៃគាត់ស្នាក់នៅលេីកង់បី បានបាត់បង់ទ្រព្យសម្បត្តិទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO​ តំលៃប្រហែលជា ១០០ដុល្លារ។ 

យោងតាមសម្តីរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា​ ដំបូងគាត់បានដាក់ទូរស័ព្ទកៀបជាប់នៅក្បាលម៉ូតូ ហើយអង្គុយនៅខាងក្រោយចាំម៉ូយដូចរាល់ដង។ ភា្លមនោះក៏លេចមុខជនសង្ស័យពីនាក់ ជិះម៉ូតូមួយគ្រឿង ( មិនចាំម៉ាក ) មកឈប់ពីក្រោយរួចម្នាក់ដើរចុះមកឆក់យកទូរស័ព្ទ រួចជិះរត់គេចខ្លួនបាត់។ 

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ជួយស្រាវជ្រាវ៕ 

adverise with khmeread