គាស់ដែកជញ្ជាំងស័ង្កសីចូលទៅក្នុងបន្ទប់ក្រោមផ្ទះប្រុងលួចត្រូវប៉ូលិសចាប់ខ្លួន

ពោធិ៍សាត់ ៖ មានករណីលួចចូលលំនៅដ្ឋានដោយគាស់កាច់ជញ្ជាំងស័ង្កសីចូលទៅក្នុងបន្ទប់ក្រោមផ្ទះ ហើយជនរងគ្រោះជាម្ចាស់ផ្ទះ ភ្ញាក់ទាន់ឃើញជនសង្ស័យនៅក្នុងបន្ទប់ក៏ស្រែកថា «ចោរៗ» ពេលនោះជនសង្ស័យក៏សម្ងំនៅក្នុងបន្ទប់ ហើយម្ចាស់ផ្ទះក៏បានហៅទូរស័ព្ទទៅប៉ូលិសមូលដ្ឋានទៅជួយអន្តរាគមន៍ចាប់បានម្នាក់ កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១ និង៥៥នាទីយប់។

ប៉ូលិសនិយាយថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ដេត ដេម ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ចំណែក ជនសង្ស័យមានឈ្មោះ យាត ចាន់ដារ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នជាកម្មករបណ្ដោះអាសន្នធ្វើប្រឡាយទឹក នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ 

លោកវរសេនីយ៍ទោ ហែម មុនី អធិការប៉ូលិសស្រុកតាលោសែនជ័យបានឱ្យដឹងថា ជនសង្ស័យមានសភាពដូចជាមនុស្សបែកថ្នាំ។ បន្ទាប់ពីមានការសួរនាំពីសមត្ថកិច្ច ហើយជនសង្ស័យបានសារភាពថា «ខ្លួនធ្លាប់បានប្រើប្រាស់ថ្នាំញៀន»​ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលតាលោ ដើម្បីចាត់ការទៅតាមនីតិវិធី៕

adverise with khmeread