ក្មេងជំទង់អាយុ១៤ឆ្នាំយកឡានម៉ែឪបើកលឿនដូចព្យុះ មកដល់ផ្ទះវិញ រងទណ្ឌកម្មមិននឹកស្មានដល់

ក្មេងប្រុសមកពីទីក្រុង Phoenix រដ្ឋអារីហ្សូណាមួយរូប ត្រូវបានបង្ខំឱ្យលះបង់សម្ភារៈផ្ទាល់ខ្លួនរបស់គាត់ចោលទាំងអស់ បន្ទាប់ពីក្មេងនេះយករថយន្ត Range Rover របស់ឪពុកម្តាយជិះកម្សាន្តលេងក្នុងល្បឿនលឿន ខណៈដែលម៉ែឪចាកចេញពីទីក្រុង។

Angel Martinez វ័យ ១៤ឆ្នាំ ត្រូវគេឃើញអង្គុយនៅខាងមុខផ្ទះរបស់គាត់កាលពីថ្ងៃចន្ទ ជាមួយនឹងទ្រព្យសម្បត្តិរបស់គាត់ដាក់គរលើគ្នា និងក្រដាសមួយសរសេរថា "សុំទោស ខ្ញុំលួចឡានប៉ាម៉ាក់របស់ខ្ញុំ និងជិះហួសល្បឿនកំណត់"។

ស្បែកជើង ទូរទស្សន៍ស្តើង និងសម្ភារៈឈុតបន្ទប់គេង បានត្រៀមផ្តល់ឱ្យអ្នកដទៃទទេៗ ដើម្បីដាក់ពិន័យទៅលើក្មេងប្រុសរូបនេះ សម្រាប់អកប្បកិរិយាដ៏ព្រហើនរបស់វា។

ឪពុករបស់ Angel លោក Ramon Martinez បានប្រាប់ទូរទស្សន៍ FOX 5 ថា "ថ្ងៃនេះ បន្ទប់របស់វានៅទំនេរ ១០០ភាគរយ ហើយយើងនឹងយកអីវ៉ាន់របស់វាទាំងអស់ឱ្យទៅអ្នកដទៃ"។

បណ្តាញព័ត៌មានមួយនេះក៏បានបន្តផ្តិតសកម្មភាពបន្តផងដែរ ដោយឃើញមានអ្នកជិតខាងបានមកយករបស់របស់ប្រើប្រាស់របស់ក្មេងប្រុសរូបនេះទៅផ្ទះរបស់ពួកគេ។

លោក Ramon បានពន្យល់ថា គាត់និងប្រពន្ធបានចេញពីទីក្រុងដើម្បីអបអរអាពាហ៍ពិពាហ៍របស់ពួកគេនៅក្នុងទីក្រុង Las Vegas ពេលដែលពួកគេត្រូវប៉ូលិសតេប្រាប់ ដោយនិយាយថារថយន្ត Range Rover របស់ពួកគេបានជិះហួសល្បឿនកំណត់នៅផ្លូវជាយក្រុង។

Angel បានពន្យល់ថា គាត់បានលាងឡានដ៏មានតម្លៃរបស់ឪពុកម្តាយគាត់ដោយដៃផ្ទាល់ ពេលដែលគាត់គិតឃើញយកឡានមួយគ្រឿងនេះជិះចេញពីផ្ទះ។

គាត់បានរំលឹកថា "ខ្ញុំបានលាងឡាននោះ ប៉ុន្តែមិនមានអ្វីដើម្បីសម្ងួតទេ ដូច្នេះ (ខ្ញុំគិត) ខ្ញុំនឹងជិះវាចេញក្រៅពីបីបួនជុំរហូតដល់វាស្ងួត។ ខ្ញុំគ្មានប័ណ្ណបើកបរទេ ចឹងខ្ញុំជិះឡានទាំងប្រថុយទេ"។

លោក Ramon បាននិយាយថា គាត់បានពន្យល់យ៉ាងច្បាស់ដល់ Angel ថាអាកប្បកិរិយាអាក្រក់របស់គាត់អាចមានផលវិបាកធ្ងន់ធ្ងរ។ គាត់បានលើកឡើងថា​ "គាត់នឹងអាចជិះបុកអ្នកដទៃ។ អ្វីមួយដែលអាក្រក់បំផុតនឹងអាចកើតឡើងបាន"។

ឪពុករូបនេះបានប្រាប់ទៅ FOX 5 ថាកូនប្រុសរបស់គាត់នឹងដេកនៅលើសាឡុងមួយរយៈធំហើយ។

ទន្ទឹមនឹងនេះ Angel និយាយថាការលះបង់ទ្រព្យសម្បត្តិរបស់គាត់បានជួយគាត់ឱ្យរៀនមេរៀនជីវិតដ៏មានតម្លៃ។ បន្ទាប់ពីចូលមើលបន្ទប់ទទេស្អាតរបស់គាត់ គាត់បាននិយាយថា "វាដូចជាចម្លែកបន្តិចមែន ប៉ុន្តែខ្ញុំគិតថាវាគឺជាទណ្ឌកម្មដ៏ស័ក្តិសមមួយ"៕


 

adverise with khmeread