អភិបាលក្រុងបៃរូតយំពេលកំពុងផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត

កាលពីថ្ងៃអង្គារ រដ្ឋធានីបៃរូតរបស់លីបង់បានញ័ររញ្ជួយដោយការផ្ទុះដ៏ធំសម្បើម ដែលបណ្តាលឱ្យស្លាប់និងរបួសច្រើនអនេក។ ខណៈក្រុមសង្គ្រោះកំពុងធ្វើប្រតិបត្តិការ អភិបាលក្រុងលោក Marwan Abboud បានយំ ខណៈកំពុងពិភាក្សាអំពីហេតុការណ៍នេះជាមួយអ្នកកាសែត។

ខណៈកំពុងនិយាយជាមួយអ្នកកាសែតដោយមានផ្សែងហុយទ្រលោមពីក្រោយខ្នង លោកអភិបាលក្រុងចាប់ផ្តើមរំជួលចិត្តពេលកំពុងនិយាយអំពីការផ្ទុះដ៏ធំនេះ ដែលលោកប្រដូចទៅនឹងការវាយប្រហារដោយគ្រាប់បែកបរមាណូលើទីក្រុងណាហ្គាសាគិ និងទីក្រុងហ៊ីរ៉ូស៊ីម៉ា អំឡុងសង្គ្រាមលោកលើកទី២។ នៅពេលរបាយការណ៍នានាលើកឡើងថា ការផ្ទុះនេះទំនងបង្កឡើងដោយសារភ្លើងឆេះឃ្លាំងផ្ទុក "សារធាតុគីមីបង្កការផ្ទុះខ្ពស់" លោក Marwan Abboud និយាយថា គេមិនទាន់ដឹងជាផ្លូវការនូវអ្វីបង្កឱ្យផ្ទុះនោះទេ។ លោកបានបញ្ជាក់ថា "មានអគ្គីភ័យនៅកំពង់ផែ ហើយអ្នកពន្លត់អគ្គីភ័យមួយក្រុមបានចេញទៅពន្លត់ភ្លើង ក្រោយមកក៏ផ្ទុះ ហើយអ្នកពន្លត់អគ្គីភ័យទាំងអស់បានបាត់ខ្លួន។ យើងកំពុងស្វែងរកពួកគេ។ នៅគ្រានេះ ពួកគេទាំង១០កំពុងបាត់ខ្លួន"។ 

លោកបានបន្ថែមថា "វាប្រៀបបីដូចអ្វីដែលបានកើតឡើងនៅជប៉ុន ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគិ។ នោះជាអ្វីដែលខ្ញុំនឹកឃើញដល់។ ក្នុងមួយជីវិតខ្ញុំ ខ្ញុំមិនដែលឃើញវិនាសកម្មក្នុងទំហំធំបែបនេះទេ។ នេះជាគ្រោះមហន្តរាយជាតិ"។

គិតត្រឹមថ្ងៃព្រហស្បតិ៍ អ្នកស្លាប់បានកើនឡើងដល់ ១៥៧ នាក់ និងរបួសជាង ៥០០០ នាក់៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត