ចិត្តជាកូនប្រុស៥០ឆ្នាំក្រោយសងសឹកក៏មិនទាន់ហួសពេល! បុរសម្នាក់បាញ់ប៉ូលិសរបួសរត់គេចខ្លួនកាលពី៤៦ឆ្នាំ ទីបំផុតត្រូវប៉ូលិសដដែលចាប់ខ្លួនបាន

ជនល្មើសរត់គេចខ្លួនមួយរូបដែលបានបាត់មុខអស់រយៈពេលជិត ៥០ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធទី៥សីហា បន្ទាប់ពីត្រូវបានរកឃើញដោយប៉ូលិសដដែល ដែលបានធ្វើឱ្យគាត់ជាប់ពន្ធនាគារពីបទបាញ់បោះក្នុងឆ្នាំ១៩៧១។

លោក Luis Archuleta ដែលបច្ចុប្បន្នមានអាយុ ៧៧ឆ្នាំ បានរត់គេចពីពន្ធនាគារមួយនៅរដ្ឋខូឡូរ៉ាដូក្នុងឆ្នាំ១៩៧៤ ខណៈដែលគាត់កំពុងជាប់ពន្ធនាគារពីបទល្មើសបាញ់បោះ និងបង្ករបួសដល់លោក Daril Cinquanta ដែលជាមន្រ្តីប៉ូលិសនៅក្នុងក្រុង Denver នៅបីឆ្នាំមុននោះ។

ភ្នាក់ងារ FBI បាននិយាយថា រហូតដល់ការចាប់ខ្លួនគាត់កាលពីថ្ងៃពុធ គាត់បានរស់នៅជាពលរដ្ឋវ័យចំណាស់មួយរូបនៅក្នុងទីក្រុង Espanola ដែលមិនសូវមានមនុស្សរស់នៅ ក្នុងរដ្ឋ New Mexico អស់រយៈពេលប្រហែល ៤០ឆ្នាំ ក្រោមឈ្មោះហៅក្រៅថា Ramon Montoya។ គាត់ត្រូវបានគេកត់ចូលក្នុងបញ្ជីជនដែលប៉ូលិសតាមប្រមាញ់នៅអាមេរិកក្នុងឆ្នាំ២០០៩ និង២០១០។

លោក Cinquanta ដែលត្រូវលោក Archuleta បាញ់ត្រូវពោះនិងបានចូលនិវត្តន៍ក្នុងឆ្នាំ១៩៩០ យល់ឃើញថា ការតាមចាប់ខ្លួន Archuleta ឱ្យបាន បានក្លាយជា "ទម្លាប់ពេលទំនេរ" របស់គាត់ ដោយប្រាប់ទៅទូរទស្សន៍ Fox31 ថា "ខ្ញុំមិនដែលបោះបង់ចោលការតាមចាប់ខ្លួនគាត់ឡើយ។ នេះសបញ្ជាក់ឱ្យឃើញថា ការតស៊ូពិតជាផ្តល់សមិទ្ធផលមកវិញមែន"។

លោក Cinquanta បាននិយាយថា គាត់ទទួលបានទូរស័ព្ទហៅចូលមួយកាលពីថ្ងៃទី២៤ ខែមិថុនា ដែលគេបានប្រគល់លោក Archuleta ឱ្យទៅគាត់​ "ដោយមិនបានបញ្ចេញញើសសូម្បីតែបន្តិច"។ គាត់បានបន្ថែមថា "ខ្ញុំបានទទួលទូរស័ព្ទ ហើយគេម្នាក់នោះនិយាយថាគេចង់ប្រាប់ខ្ញុំថាអាបុរសម្នាក់នោះនៅទីណា ហើយអ្នកតេមកខ្ញុំនោះបានប្រគល់គាត់ (Archuleta) ឱ្យខ្ញុំយ៉ាងស្រួល"។

គាត់បានបន្ថែមថា "បុរសនោះត្រូវបានតាមចាប់ខ្លួន ៤៦ឆ្នាំសម្រាប់រឿងទាំងនោះ ហើយខ្ញុំបានតាមស្វែងរកគាត់អស់ពេល ៤៦ឆ្នាំដែរ ហើយទីបំផុតរកឃើញគាត់។ វាពិតជាមានអារម្មណ៍អស្ចារ្យណាស់។ ខ្ញុំទទួលបានការតេមកជាច្រើនពីប៉ូលិស និងបុគ្គលិក ដែលគាត់ថា វាពិតជារឿងដ៏អស្ចារ្យ"។

លោក Cinquanta បាននិយាយអំពីការបាញ់បោះមកលើខ្លួនគាត់ថា "គាត់មើលទៅហាក់ដូចជាតួចិត្តអាក្រក់មួយ។ ខ្ញុំបានប្រឈមមុខជាមួយគាត់។ គាត់បានដាក់ដៃរបស់គាត់ព័ទ្ធទៅក្រោយ និងទាញកាំភ្លើងចេញមក។ ខ្ញុំចាញ់សង្គ្រាមមួយនោះ។ ត្រឡប់ទៅអតីតកាលវិញ យើងមិនមានអាវក្រោះទេ ហើយប្រព័ន្ធទាក់ទងរបស់យើងមិនមាននៅក្រៅឡានទេ ដូច្នេះខ្ញុំត្រូវលូនត្រឡប់ទៅឡានវិញ ហើយចូលទៅក្នុងឡានដើម្បីទាក់ទងសុំជំនួយ"។

ដំបូងឡើយលោក Archuleta ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី៩ ទៅ ១៤ឆ្នាំមុនពេលគាត់រត់គេចពីមន្ទីរពេទ្យរដ្ឋមួយនៅសង្កាត់ Pueblo។

លោក Archuleta បានបង្ហាញខ្លួននៅក្នុងតុលាការនៅរដ្ឋញ៉ូវម៉ិកស៊ិកូ កាលពីថ្ងៃព្រហស្បតិ៍។ បច្ចុប្បន្នគាត់នឹងត្រូវបានបញ្ជូនទៅរដ្ឋខូឡូរ៉ាដូវិញដើម្បីប្រឈមនឹងការចោទប្រកាន់ដែលកើតចេញពីការរត់ចេញពីគុក៕ ប្រភព៖ Daily Mail

adverise with khmeread