នេះឬជាមូលហេតុដែលបណ្ដាលឱ្យមានការផ្ទុះកំពង់ផែបៃរូត?

អតីតកម្មករម្នាក់បានអះអាងថា ផាវទាំងបាវៗត្រូវបានគេរក្សាទុកនៅក្បែរសារធាតុផ្ទុះខ្លាំងអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែបៃរូត។ នេះយោងតាមការផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃសុក្រ។

Yusuf Shehadi និយាយថា ផាវជាច្រើនត្រូវបានគេរក្សាទុកនៅក្បែរសារធាតុគីមីដ៏មានអនុភាពរាប់ពាន់តោនក្នុងកំពង់ផែបៃរូត ប្រទេសលីបង់។

ទន្ទឹមនឹងនេះដែរ ប្រជាជនបានគប់ដុំថ្មដាក់ប៉ូលិសប្រឆាំងកុបកម្មនៅខាងក្រៅសភាលីបង់នៅមុនពេលការតវ៉ាដ៏ធំមួយដែលគ្រោងទុកនៅទីប្រជុំជន Martyrs នៅថ្ងៃសៅរ៍នេះ។

ក្រុមអ្នករិះគន់អំពាវនាវឱ្យបញ្ចប់ប្រព័ន្ធនយោបាយរបស់ប្រទេសនេះ បន្ទាប់ពីការផ្ទុះកាលពីថ្ងៃអង្គារបានសម្លាប់មនុស្សជាង ១៥០ នាក់និងរបួសជាង ៥.០០០ នាក់។

លោក Shehadi ដែលបានធ្វើចំណាកស្រុកទៅប្រទេសកាណាដាកាលពីខែមីនាឆ្នាំនេះបានប្រាប់កាសែត The Guardian ថា គាត់ត្រូវបានណែនាំដោយយោធាឱ្យស្តុកទុកសារធាតុគីមីចំនួន ២.៧៥០ តោននៅក្នុងឃ្លាំងលេខ១២។

សារធាតុគីមីគ្រោះថ្នាក់ ផាវរាប់ពាន់តោនត្រូវបានរឹបអូសក្នុងឆ្នាំ២០០៩-២០១០ និងត្រូវបានបញ្ជូនទៅរក្សាទុកក្នុងឃ្លាំងតែមួយ។

គាត់បន្ថែមថា "ផាវ៣០ទៅ៤០បាវ គឺនៅខាងក្នុងឃ្លាំងលេខ១២នោះ។ វានៅខាងឆ្វេងដៃ នៅពេលអ្នកចូលច្រកទ្វារឃ្លាំងនោះ។ ខ្ញុំធ្លាប់ត្អូញត្អែរអំពីរឿងនេះ។ ហើយទីនោះក៏មានជាតិសំណើមដែរ។ និយាយទៅវារង់ចាំតែថ្ងៃគ្រោះមន្តរាយកើតឡើងប៉ុណ្ណោះ"។

លោក Shehadi បាននិយាយថា គាត់បានត្អូញត្អែររាល់សប្តាហ៍អំពីគ្រោះថ្នាក់នៃការផ្ទុកសារធាតុគីមីនៅជិតផ្ទះរបស់ប្រជាជន ប៉ុន្តែកងទ័ពបានបដិសេធមិនផ្លាស់ទីកន្លែងរបស់សារធាតុអាម៉ូញ៉ូមនីត្រាតនោះទេ។

គាត់ក៏បានលាតត្រដាងដែរថា អតីតអ្នកធ្វើការជាមួយនឹងគាត់បានប្រាប់គាត់ថា កម្មករកំពុងព្យាយាមជួសជុលក្លោងទ្វារខាងក្រៅឃ្លាំងលេខ១២នោះជាមួយឧបករណ៍អគ្គិសនីទើបតែ ៣០ នាទីមុនពេលការផ្ទុះកើតឡើង។

លោក Shehadi បាននិយាយថា គាត់គិតថា វាអាចជាមូលហេតុបណ្តាលឱ្យមានសោកនាដកម្មកើតឡើង៕ ប្រភព៖ Daily Mail

 

adverise with khmeread

អ្នកនឹងចូលចិត្ត