ប្រធានាធិបតីបារាំងត្រូវគេចោទថាព្យាយាមមកគ្រប់គ្រងលីបង់ម្តងទៀត មិនមែនមកជួយដោយស្មោះទេ

ប្រធានាធិបតីបារាំងលោក អេមម៉ានូអែល ម៉ាក្រុង ត្រូវបានគេចោទប្រកាន់ថាព្យាយាមត្រួតត្រាប្រទេសលីបង់ម្តងទៀតជាជាងជួយប្រទេសមួយនេះ នៅពេលមានការផ្ទុះដ៏អាក្រក់នៅរដ្ឋធានីបៃរូតដែលបានសម្លាប់មនុស្សជាង ១៥០នាក់។

បញ្ហានេះកើតឡើងនៅពេលដែលប្រទេសលីបង់ត្រូវគេរំពឹងថានឹងបដិសេធជំនួយមនុស្សធម៌ពីអ៊ីស្រាអែល ពីព្រោះប្រទេសជិតខាងទាំងពីរនេះកំពុងស្ថិតនៅក្នុងសង្គ្រាមនឹងគ្នានៅឡើយ។

ដោយធ្វើដំណើរសួរសុខទុក្ខពីការរងគ្រោះពីវិនាសកម្មក្នុងក្រុងបៃរូតក្នុងសប្តាហ៍នេះ មេដឹកនាំបារាំងបានលួងលោមប្រជាជនរបស់លីបង់ដែលពោរពេញទៅដោយភាពហ្មងសៅ ដោយសន្យាថានឹងកសាងទីក្រុងនេះឡើងវិញ និងបានអះអាងថា ការផ្ទុះនេះធ្វើឱ្យបារាំងឈឺចាប់។ 

លោក ម៉ាក្រុង បាននិយាយថា "បារាំងនឹងមិនអនុញ្ញាតឱ្យលីបង់នៅឯកោតែឯងនោះទេ។ បេះដូងរបស់ប្រជាជនបារាំងនៅតែដក់ជាប់នឹងសសៃឈាមរបស់ទីក្រុងបេរូត"។

ក្រុមអ្នករិះគន់បានចោទប្រកាន់ការបង្ហាញមនោសញ្ចេតនារបស់ប្រធានាធិបតីបារាំងរូបនេះថាជាអ្នកលុកលុយដាក់អណានិគមសម័យថ្មីមួយតាមបែប Neocolonialism (ការអនុវត្តនៃការប្រើប្រាស់មូលធននិយម សាកលភាវូបនីយកម្ម វប្បធម៌ចក្រពត្តិនិយម និងជំនួយមានលក្ខខណ្ឌ ដើម្បីជះឥទ្ធិពលដល់ប្រទេសកំពុងអភិវឌ្ឍជំនួសឱ្យវិធីសាស្រ្តអាណានិគមមុននៃការគ្រប់គ្រងដោយយោធាផ្ទាល់ ឬការគ្រប់គ្រងដោយប្រយោល) និង កំពុងសម្លឹងមើលការស្តាឥទ្ធិពលរបស់ខ្លួនឡើងវិញទៅលើដែនដីមជ្ឈិមបូព៌ាដែលកំពុងមានបញ្ហានេះ។

ហើយអ្នករិះគន់តាមអ៊ីនធឺណេតបានដាក់ឈ្មោះគាត់ថា Macron Bonaparte ដែលជាអធិរាជណាប៉ូឡេអុងមួយអង្គនាសតវត្សរ៍ទី២១។

ប៉ុន្តែក្រុមអ្នកគាំទ្រលោកម៉ាក្រុង រួមទាំងអ្នកក្រុងបៃរូត ដែលបានហៅគាត់ថាជា "ក្តីសង្ឃឹមតែមួយគត់របស់យើង" បាននាំគ្នាលើកសសើររូបគាត់សម្រាប់ដំណើរទស្សនកិច្ចនៅក្នុងតំបន់រងការវាយប្រហារធ្ងន់ធ្ងរ កន្លែងដែលមេដឹកនាំលីបង់ជាច្រើនភ័យខ្លាចមិនហ៊ានអើតមុខ និងសម្រាប់ការព្យាយាមធ្វើឱ្យអ្នកនយោបាយលីបង់ទទួលខុសត្រូវចំពោះអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវដែលត្រូវបានស្តីបន្ទោសចំពោះការផ្ទុះដ៏សាហាវកាលពីថ្ងៃអង្គារ៕ ប្រភព៖ Daily Mail 

adverise with khmeread