អ្នកដំណើរព្រួតគ្នាវាយសម្លាប់ចោរប្លន់ប្រដាប់អាវុធពីរនាក់នៅលើឡានក្រុងនៅម៉ិកស៊ិក ក្រោយពួកវាបាញ់សម្លាប់ប៉ូលិសម្នាក់

វីដេអូពីកាមេរ៉ាសុវត្ថិភាពគួរឱ្យភ្ញាក់ផ្អើលមួយ បានបង្ហាញទិដ្ឋភាពមន្រ្តីប៉ូលិសនៅក្រៅម៉ោងការងារមួយរូបបានបើកការបាញ់បោះទៅលើចោរប្លន់ពីរនាក់នៅលើឡានក្រុងមួយគ្រឿងក្នុងប្រទេសម៉ិកស៊ិក មុនពេលប៉ូលិសនោះរងរបួសធ្ងន់ធ្ងររហូតដល់ស្លាប់ ពេលដែលចោរបានបាញ់តបតមកវិញ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅល្ងាចថ្ងៃទី២៤ខែមិថុនានៅក្នុងក្រុង Valle de Chalco Solidaridad ក្នុងរដ្ឋម៉ិកស៊ីកូ តែដំណឹងទើបលេចធ្លាយកាលពីថ្ងៃសៅរ៍ទី៨សីហា។

នៅក្នុងវីដេអូបង្ហាញចោរម្នាក់ក្នុងចំណោមចោរទាំងពីរកំពុងបញ្ជាឱ្យអ្នកដំណើរប្រគល់របស់មានតម្លៃមកឱ្យខ្លួន។ បន្ទាប់មកពួកគេបានគំរាមឱ្យអ្នកបើករបរបន្តដំណើររបស់ខ្លួននៅលើផ្លូវហាយវ៉េមួយខ្សែដែលភ្ជាប់ពីរដ្ឋពើប្លានិងរដ្ឋម៉ិកស៊ីកូ។

មន្រ្តីប៉ូលិសដែលកំពុងស្ថិតនៅក្រៅម៉ោងការងារ ដែលឈ្មោះមិនត្រូវបានបញ្ចេញដោយអាជ្ញាធរ ត្រូវគេឃើញកំពុងអង្គុយក្បែរបង្អួចក្បែរអ្នកដំណើរនៅជួរទីបី។ ប៉ូលិសរូបនេះបានដកកាំភ្លើងរបស់គាត់បាញ់ទៅលើចោរដែលនៅជិតអ្នកបើកបរជាច្រើនគ្រាប់ និងបែរទៅបាញ់ចោរម្នាក់ទៀតដែលនៅផ្នែកក្រោយរថយន្ត។ ប៉ូលិសដ៏ក្លាហានរូបនេះ បានបាញ់តបយ៉ាងហោចណាស់ពីរគ្រាប់បន្ថែមទៀតទៅលើចោរនៅខាងមុខ មុនពេលគាត់ត្រូវបានគេបាញ់របួសធ្ងន់រហូតដល់ស្លាប់។

ចោរប្លន់ទាំងពីរបានព្យាយាមរត់គេចចេញពីឡានក្រុង ប៉ុន្តែត្រូវចាប់បានដោយអ្នកដំណើរខាងក្រៅ និងវាយរហូតដល់ស្លាប់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានបញ្ជាក់។

អ្នកដំណើរពីរនាក់ក្នុងនោះក៏ទទួលរងរបួសផងដែរ។

វីដេអូនៃទូរស័ព្ទដៃដែលត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គម និងចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ADN 40 បានបង្ហាញដង្ហើមចុងក្រោយរបស់ចោរទាំងពីរដែលបានដេកដួលនៅលើដីត្រូវបានគេទាត់ធាក់ទក់សាច់៕ ប្រភព៖ Daily Mail

 

adverise with khmeread