លោកគីមជុងអ៊ុនជិះរថយន្តទំនើប និងស្លៀកពាក់យ៉ាងឡូយ ជិះកាត់ភក់ដើម្បីសួរសុខទុក្ខប្រជាជនរងគ្រោះដោយសារទឹកជំនន់

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ចេញផ្សាយកាលពីថ្ងៃសុក្របានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានបញ្ជាមន្ត្រីឱ្យផ្ដល់អាហារ និងទីជម្រកដល់គ្រួសាររាប់រយ ដែលបាត់បង់ទីលំនៅរបស់ពួកគេក្នុងគ្រោះទឹកជំនន់។

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងឧបទ្វីបកូរ៉េបាននាំមកនូវទឹកជំនន់ដល់ទាំងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយការព្រួយបារម្ភកំពុងកើនឡើងអំពីការខូចខាតដល់ដំណាំរបស់កូរ៉េខាងជើងនិងផលប៉ះពាល់ដែលអាចកើតមានលើការផ្គត់ផ្គង់ស្បៀងអាហារ។

KCNA បានអះអាងថា "វាមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់សម្ភារៈសម្រាប់គេង ថ្នាំ និងសម្ភារៈចាំបាច់ផ្សេងៗដល់ប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ដើម្បីធ្វើឱ្យមានស្ថិរភាពក្នុងការរស់នៅ" ។

លោកគីមក៏បានធ្វើការសំណេះសំណាលផងដែរ ខណៈពេលដែលកំពុងពិនិត្យមើលផ្នែកមួយដែលរងគ្រោះដោយទឹកជំនន់នៃខេត្ត Hwanghae នៅជាប់ព្រំប្រទល់ប្រទេសកូរ៉េខាងត្បូង ខណៈលោកបានបញ្ជាក់ច្បាស់នូវភារកិច្ចសម្រាប់ការងារស្តារឡើងវិញជាមួយមន្រ្តីនៅទីនោះ។

KCNA បាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃបានជន់លិចផ្ទះចំនួន ៧៣០ ខ្នង និងបំផ្លាញផ្ទះចំនួន ១៧៩ ខ្នងនិងជន់លិចដំណាំស្រូវ។ យ៉ាងណាមិញ មិនមានរបាយការណ៍ណាបញ្ជាក់ថា មានអ្នកស្លាប់ ឬរបួសឡើយ៕

 

adverise with khmeread