បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្តដែលអស់ប្រេងដែលចតឈប់នៅលើទ្រូងផ្លូវស្លាប់

កណ្តាល ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបើកម៉ូតូបុកពីក្រោយរថយន្តដែលអស់ប្រេង ចតឈប់នៅលើទ្រូងផ្លូវ កើតឡើងនាថ្ងៃសៅរ៍ទី៨​ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទីយប់នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៩-២០នៅចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ដំបូងមានរថយន្ត០១គ្រឿង ម៉ាកHYUNDAI ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 3B-8089 (អ្នកបើកបររត់គេចខ្លួន)បើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលបើកបរមកដល់កន្លែងកើតហេតុ បានអស់ប្រេងហើយក៏ឈប់អែបខាងស្តាំនៅលើទ្រូងផ្លូវផ្នែកខាងស្តាំរង់ចាំទិញប្រេងមកចាក់ដើម្បីបន្តដំណើរទៅមុខទៀត។

នៅពេលនោះក៏មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM  ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CC-1826  បើកបរក្នុងទិសដៅពីជើងទៅត្បូង (ស្របគ្នា) បើកបរដោយឈ្មោះចាន់ ណារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានមកបុកពីក្រោយពេញទំហឹងរថយន្ត បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងប៉ូលិសផ្នែកជំនាញបានចុះដល់កន្លែងកើតហេតុបន្ទាន់ធ្វើការវាស់វែងកន្លែងកើតហេតុ រួចនាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕

adverise with khmeread