នៅសុខៗបុរសម្នាក់ឡើងលើស្ពានហើយលោតចូលក្នុងទឹកស្ទឹងលង់ស្លាប់

កណ្តាល ៖ បុរសម្នាក់នៅសុខៗឡើងលើស្ពានហើយលោតចូលក្នុងទឹកស្ទឹងលង់ស្លាប់បង្កការភ្ញាក់ផ្អើល នាថ្ងៃទី ៨ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង ១ និង១០នាទីរសៀល (ម៉ោងដឹង) នៅចំណុចកើតហេតុស្ពានដើមលាភ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ អាសយដ្ឋានភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមការបំភ្លឺរបស់សាក្សីឈ្មោះ ញៀត ស៊ាងហៃ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ដែលនៅជិតស្ពានដើមលាភបានឱ្យដឹងថា នៅថ្ងៃទី០៨ សីហា ២០២០វេលាម៉ោង១ និង១០នាទីរសៀល កំពុងតែធ្វើត្រីទុកធ្វើម្ហូបល្ងាច ស្រាប់តែមានមនុស្សមកពីណារត់មកលោតទឹកលើកស្ពានដើមលាភស្មានតែក្មេងៗលោតទឹកលេង មិនឃើញងើបចេញពីទឹក ក៏សង្ស័យបានហៅអ្នកលក់ជិតនិងមកមើល។

ប៉ុន្តែមិនឃើញងើបឡើងមក ក៌បានរាយការណ៍ទៅអាជ្ញាធរភូមិនិងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរ ប្រជាពលរដ្ឋ បានយកទូកជិះរកជនរងគ្រោះដែលលោតនៅស្ពានដើមលាភ។ លុះវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃខែឆ្នាំដដែល បានយកឈើឫស្សីរាវរកក្នុងទឹក ក៏បានប៉ះជនរងគ្រោះនៅជាប់មាត់ច្រាំង ក្បែរគោលស្ពាន បានស្រង់ជនរងគ្រោះឡើងមកលើគោក ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចចម្រុះក៏បានរាយការណ៍ជូនសមត្តកិច្ចចុះពិនិត្យដឹងថា ជនរងគ្រោះជាមនុស្សញៀនស្រា ហូបស្រាជាប្រចាំ។តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកបណ្តាលឱ្យស្លាប់។ សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread