បើកម៉ូតូលឿនវ៉ាលឿនចាប់ហ្វ្រាំងបោកដួលបោកក្បាលលើថ្នល់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់បែកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងយ៉ាងលឿនវ៉ាជែងចាប់ហ្វ្រាំងដួលបោកដួលបោកក្បាលលើថ្នល់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃសៅរ៍ទី៨ ខែសីហា ឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខការ៉ាស់សាំងសូគីម៉ិច ក្នុងភូមិអូរឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ ជឿន សីហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនក្នុងរោងចក្រស្នាក់នៅបន្ទប់ជួលជិតផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតាអង្គ ឃុំព្រះស្និត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ម៉ូតូរបស់ជនរងគ្រោះគឺម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1F-5090។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿង ហើយចាប់ហ្រ្វាំងបោកដួលបោកក្បាលលើថ្នល់ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញនៅពេលក្រោយ។ ដោយឡែកសពរងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread