រថយន្តម៉ាស្ដាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់ទៅមុខលែងរួច

ភ្នំពេញ ៖ រថយន្តម៉ាស្ដាមួយគ្រឿងបើកយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងពេញទំហឹង បណ្ដាលរបាំងថ្ម១កង់ខ្ទាតចេញទៅម្ខាងផ្លូវប្រមាណជិត៥ម៉ែត្រ ហើយរថយន្តដាច់កាឡេកង់មុខខាងឆ្វេងទៅមុខលែងរួចតែសំណាងល្អមិនមានអ្នករបួសនោះទេ។

គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ ចំណុចស្ដុ​បទំនប់ទឹក ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាស្ដា ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BI-4422 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្ម១កង់ខ្ទាត ចេញប្រមាណជិត៥ម៉ែត្រ។

ហេតុការណ៍នេះបង្កឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខដាច់ក្រឡេកង់មុខខាងឆ្វេងទៅមុខលែងរួច។ ចំណែកម្ចាស់រថយន្តដោយរថយន្តមិនអាចបន្តដំណើរទៅមុខទៀតក៏បានចុះពីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕


 

adverise with khmeread