បុរសជនជាតិចិនជាចុងភៅម្នាក់គាំងបេះដូងស្លាប់

ភ្នំពេញ ៖ មានករណីជនជាតិចិនជាចុងភៅម្នាក់គាំងបេះដូងស្លាប់ កើតឡើងនៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ និង៤០នាទី នៅចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដឹកមកកាន់មន្ទីរពេទ្យកាល់ម៉ែត ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ Mao Youfan ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនមុខរបរចុងភៅ ស្នាក់នៅផ្ទះជួល ផ្លូវឌួងងៀប២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ស្លាប់)។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្ដិ៍អូរបែកក្អម បានទទួលព័ត៌មានពីការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្រថា មានជនជាតិចិនស្លាប់ ហើយដឹកមកវត្តស្ទឹងមានជ័យ។បន្ទាប់មកកម្លាំងប៉ូលិសប៉ុស្ដិ៍ បានចុះមកដល់សហការជាមួយការិយាល័យជំនាញ។
 
ក្រោយសាកសួរទើបដឹងថា ជនរងគ្រោះស្នាក់នៅកន្លែងកើតហេតុខាងលើដោយមានអាការៈជំងឺ ហើយបានយករថយន្ដម៉ាកឡិចស៊ីសពណ៌ខ្មៅដឹកចេញពីផ្ទះមកដល់ចំណុចលើ ផ្លូវព្រះមុនីវង្សកែងផ្លូវលេខ៣១០ ក៏មានរថយន្ដសាមុយរបស់មន្ទីរពេទ្យប៊ីធនកម្ពុជាប្ដូរជនរងគ្រោះឡើងរថយន្ដសាមុយ ហើយគ្រូពេទ្យចិនបានធ្វើចលនាឱ្យជនរងគ្រោះ ឃើញថាមានជីពចរខ្សោយរួចក៏ចាក់ថ្នាំមួយម្ជុល។

ពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែតគ្រូពេទ្យបានប្រាប់ថា «ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង៩ និង៤០នាទី ហើយរថយន្ដសង្រ្គោះមន្ទីរពេទ្យប៊ីធនកម្ពុជា បានដឹកសពមកតម្កល់នៅក្នុងវត្តស្ទឹងមានជ័យបន្ទប់ក្លាស្សេ»។

ក្រោយពេលប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្របានធ្វើកោសល្យវិច័យ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា «ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចមកពីជំងឺបេះដូង»៕

adverise with khmeread