ក្រុមហ៊ុន Twitter ប្រជែងជាមួយ Microsoft ដើម្បីទិញយក TikTok របស់ចិន

ក្រុមហ៊ុន Twitter បានទាក់ទងទៅម្ចាស់កម្មវិធី TikTok គឺក្រុមហ៊ុនចិន ByteDance ដើម្បីបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយកប្រតិបត្តិការនៅអាមេរិកសម្រាប់កម្មវិធីចែករំលែកវីដេអូមួយនេះ។

ក្រុមអ្នកជំនាញបានបង្កើតការសង្ស័យលើសមត្ថភាពរបស់ក្រុមហ៊ុន Twitter ក្នុងការដាក់ហិរញ្ញប្បទានរួមគ្នាសម្រាប់ការទិញយកដ៏ច្រើនសម្បើមបែបនេះ បន្ទាប់ពីការចរចាទិញត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃសៅរ៍ដោយកាសែត Wall Street Journal ដែលដកស្រង់ប្រភពដែលដឹងបញ្ហានេះ។

ប្រភពនោះបាននិយាយកាលពីថ្ងៃសៅរ៍ថា ច្បាស់ណាស់ Twitter មិនអាចមានសមត្ថភាពផ្តួលក្រុមហ៊ុន Microsoft និង សម្រេចកិច្ចព្រមព្រៀងទិញនេះក្នុងរយៈពេល ៤៥ ថ្ងៃ ដែលប្រធានាធិបតីដូណាល់ត្រាំបានផ្តល់ឱ្យទៅក្រុមហ៊ុន ByteDance ដើម្បីយល់ព្រមលក់ឱ្យមកក្រុមហ៊ុនអាមេរិកបានទេ។

ប្រភពដដែលបន្ថែមថា Twitter មានមូលធននីយកម្មទីផ្សារជិត ៣០ ពាន់លានដុល្លារ ជិតស្មើនឹងតម្លៃរបស់ TikTok ហើយនឹងត្រូវការបង្កើនដើមទុនបន្ថែមទៀតដើម្បីផ្តល់មូលនិធិដល់កិច្ចព្រមព្រៀងទិញនេះ៕ ប្រភព៖ Daily Mail 

adverise with khmeread