ចំនួនអ្នកស្លាប់ដោយកូវីដ១៩នៅប្រេស៊ីលកើនឡើងដល់ខ្ទង់ ១០ ម៉ឺននាក់ ខណៈជំងឺរាតត្បាតនេះមិនបង្ហាញសញ្ញាថមថយសោះ

ប្រទេសប្រេស៊ីលបានកត់ត្រាការស្លាប់ជាង ១០០.០០០នាក់ ដោយសារវីរុសកូរ៉ូណា ដែលជាតួលេខខ្ពស់បំផុតទី២ របស់ពិភពលោក ខណៈដែលជំងឺរាតត្បាតនៅក្នុងប្រទេសនេះមិនបានបង្ហាញសញ្ញានៃការធូរស្រាលនោះទេ។

វីរុសនេះបានសម្លាប់មនុស្ស៥ម៉ឺននាក់ក្នុងរយៈពេល ៣ខែ ប៉ុន្តែចំនួននេះកើនឡើងទ្វេដងក្នុងរយៈពេលតែ ៥០ថ្ងៃប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ មានករណីឆ្លងច្រើនជាងបីលានត្រូវបានបញ្ជាក់។

ជំងឺរាតត្បាតនេះមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយទេ ប៉ុន្តែហាងនិងភោជនីយដ្ឋាននៅប្រេស៊ីលត្រូវបានអនុញ្ញាតឱ្យបើកអាជីវកម្មរបស់ខ្លួនធម្មតា។

ប្រធានាធិបតីប្រេស៊ីលលោក ជែរ បូលសូណារ៉ូ បានមើលស្រាលទៅលើផលប៉ះពាល់នៃវីរុសមួយនេះ ហើយបានជំទាស់ដាច់ខាតទៅលើវិធានាការការពារនានា ដែលអាចនឹងវាយប្រហារសេដ្ឋកិច្ចរបស់ប្រទេសខ្លួន។

មេដឹកស្តាំនិយមរូបនេះ ដែលឆ្លងវីរុសមួយនេះដោយផ្ទាល់ ហើយទើបនឹងជាពីជំងឺនេះនាថ្មីៗនេះ បានប្រយុទ្ធប្រឆាំងនឹងការរឹតត្បិត ដែលបានដាក់ចេញដោយអភិបាលរដ្ឋនានាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ហើយបានចូលរួមជាមួយអ្នកគាំទ្រជាញឹកញាប់ ដែលនៅពេលខ្លះថែមទាំងមិនបានពាក់ម៉ាស់ថែមទៀតផង។

ក្រុមអ្នកជំនាញបានត្អូញត្អែរពីកង្វះនៃផែនការសម្របសម្រួលដោយរដ្ឋាភិបាល លោក បូលសូណារ៉ូ ខណៈដែលអាជ្ញាធរមូលដ្ឋានផ្តោតលើការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ ដែលទំនងនឹងជំរុញឱ្យវីរុសមួយនេះមានឥទ្ធិពលខ្លាំងឡើងបន្ថែមទៀត៕ ប្រភព៖ Daily Mail

adverise with khmeread