លោកត្រាំដើរចេញពីសន្និសីទកាសែត ក្រោយអ្នកយកព័ត៌មានម្នាក់សួរសំណួរចាស់ ដែលគាត់ធ្លាប់ឆ្លើយប្រាប់ជាង ១៥០ ដង

ប្រធានាធិបតីដូណាល់ត្រាំបានបញ្ចប់សន្និសីទសារព័ត៌មានភ្លាមៗកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអ្នកយកព័ត៌មានម្នាក់បានចោទប្រកាន់គាត់ពីការភូតកុហកអំពីកម្មវិធីថែទាំសុខភាពអតីតយុទ្ធជន ដែលគាត់បានប្រាប់ច្រើនជាង ១៥០ ដង។

លោកត្រាំបាននិយាយនៅឯក្លឹបវាយកូនហ្គោលរបស់គាត់នៅទីក្រុង Bedminster រដ្ឋ New Jersey ដោយបានអះអាងម្តងទៀតថា គាត់គឺជាមនុស្សម្នាក់គត់ដែលបានអនុម័តកម្មវិធី Veterans Choice។ គាត់បន្ថែមថា "ពួកគេបានព្យាយាមធ្វើឱ្យរឿងនោះកន្លងផុតអស់ជាច្រើនៗៗៗទសវត្សរ៍ ហើយគ្មានប្រធានាធិបតីណាម្នាក់អាចធ្វើវាបានទេ ហើយយើងអាចសម្រេចវាបាន"។

ជាក់ស្តែងអតីតប្រធានាធិបតីបារ៉ាក់អូបាម៉ាបានចុះហត្ថលេខាលើកម្មវិធី Veterans Choice ទៅជាច្បាប់ក្នុងឆ្នាំ ២០១៤ ។ ច្បាប់ ដែលអនុញ្ញាតឱ្យអតីតយុទ្ធជនដែលមានសិទ្ធិត្រូវបានរ៉ាប់រងការចំណាយដោយរដ្ឋាភិបាលសម្រាប់ការថែទាំដែលផ្តល់ដោយវេជ្ជបណ្ឌិតនៅខាងក្រៅប្រព័ន្ធ VA គឺជាគំនិតផ្តួចផ្តើមរបស់បក្សទាំងពីរ ដែលដឹកនាំដោយព្រឹទ្ធសមាជិកពីររូប ដែលលោកត្រាំបានធ្វើការរិះគន់ម្តងហើយម្តងទៀតគឺលោក Bernie Sanders នៃរដ្ឋ Vermont និងលោក John McCain នៃរដ្ឋ Arizona ។

អ្នកកាសែតស្រីឈ្មោះ Paula Reid បានសួរលោកត្រាំនៅឯសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ដែលក្នុងអំឡុងពេលនោះលោកត្រាំបានប្រកាសពីសកម្មភាពប្រតិបត្តិស្តីពីជំនួយសង្គ្រោះពីវិបត្តិកូវីដ យ៉ាងដូច្នេះថា "ហេតុអ្វីនបានជាលោកនៅតែនិយាយដដែលៗថា លោកជាអ្នកអនុម័តកម្មវិធី Veterans Choice"។

នៅពេលដែលលោកត្រាំបានព្យាយាមចុចឈ្មោះអ្នកយកព័ត៌មានផ្សេងទៀតមកសួរគាត់ លោកស្រី Reid បានបន្តថា "លោកបាននិយាយថាលោកបានអនុម័តកម្មវិធី Veterans Choice។ វាត្រូវបានអនុម័តនៅឆ្នាំ ២០១៤។ វាគឺជាសេចក្តីថ្លែងការណ៍មិនពិតទេលោក"។

ភា្លមនោះលោកត្រាំនិយាយថា "អូខេ! អរគុណអ្នកទាំងអស់គ្នា" ហើយបន្ទាប់មកគាត់ក៏បានដើរចេញពីសន្និសីទកាសែតតែម្ដង៕ ប្រភព៖ CNN 

 

adverise with khmeread