ឆក់យកទូរស័ព្ទបានហើយតែរត់មិនរួចដោយសារយកទូរស័ព្ទទៅលក់ជាប់រូបនារីរងគ្រោះ

កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ត្រើយស្លា ឃាត់ខ្លួននាថ្ងៃទី៩ខែ សីហាឆ្នាំ២០២០ បន្ទាប់ពីឆក់យកទូរស័ព្ទទំនើបមួយគ្រឿងពីនារីម្នាក់តាមផ្លូវកាលពីថ្ងៃទី០៨ខែសីហាឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទីព្រលប់ នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង  ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល ហើយយកទូរស័ព្ទទៅលក់នៅតូបដែលនាងទិញ ហើយជាប់រូបរបស់នារីរងគ្រោះលើទូរស័ព្ទជាភស្តុតាងឈានដល់ឃាត់ខ្លួន។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហុង សុខឡាំង ភេទស្រីអាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស។ ចំណែកជនសង្ស័យ២នាក់ឃាត់ខ្លួន បានម្នាក់រួមមាន ១-ឈ្មោះ វី ម៉េងហ៊ង ភេទប្រុស អាយុ ១៥ឆ្នាំមានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និង២- មឿន សុខម៉េត ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ វត្ថុតាងចាប់យកទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក iPhone ពណ៌ទឹកមាស។

ប៉ូលិសបន្តថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦ និង៣០នាទីល្ងាច ឈ្មោះ ហុង សុខឡាំង (ជនរងគ្រោះ) បានជិះម៉ូតូពីផ្ទះនៅភូមិព្រែកប៉ានមកផ្សារព្រែកឃ្លោក។ ពេលមកដល់គល់ស្ពានព្រែកបាឡាត់ឆឹង ស្រាប់តែមានជនសង្ស័យពីរនាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ មកឆក់យកទូរស័ព្ទ ហើយបានជិះម៉ូតូគេចខ្លួនបាត់។

លុះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១២និង៣០នាទីមានឈ្មោះត្រាយ ដែលជាអ្នកលក់ទូរស័ព្ទនៅឃុំតាលន់ បានឆាតមកប្រាប់ឈ្មោះ ហុង សុខឡាំង ថាមានគេយកទូរស័ព្ទមកឱ្យលុបកម្មវិធី តែឃើញមានរូប ហុង សុខឡាំង នៅក្នុងទូរស័ព្ទ។ ភ្លាមនោះឈ្មោះ ហុង សុខឡាំង បានរាយការណ៍មកប៉ូលិសប៉ុស្គិ៍ត្រើយស្លា បានចុះទៅដល់កន្លែងលក់ទូរស័ព្ទរបស់ឈ្មោះត្រាយឃើញ ឈ្មោះ វី ម៉េងហ៊ង ឃាត់ខ្លួនរួមជាមួយវត្ថុតាងយកមកប៉ុស្គិ៍ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា ឈ្មោះ វី ម៉េងហ៊ង បានសារភាពថា ខ្លួននិងឈ្មោះ មឿន សុខម៉េត ពិតជាបានឆក់ទូរស័ព្ទពីឈ្មោះ ហុងសុខឡាំងពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕

adverise with khmeread