នារីជាអ្នកបកប្រែភាសាចិនម្នាក់បើកឡានបុករ៉ឺម៉កម៉ូតូរបួសមនុស្សម្នាក់ រួចព្យាយាមបើកឡានរត់ទៅធ្លាក់ប្រឡាយ

ភ្នំពេញ ៖ នារីជាអ្នកបកប្រែភាសាចិនម្នាក់បានបើករថយន្តជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់ រួចព្យាយាមបើករត់ក៏ទៅធ្លាក់ចូលទឹកប្រឡាយ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើងក្បែរបូរីឈូកវ៉ា២ ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពនិយាយថា រថយន្តខាងលើម៉ាកតូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-9144 បើកបរដោយនារីម្នាក់ឈ្មោះ តូវ ហ្គិចហ៊ាង អាយុ៣១ឆ្នាំ មុខរបរបកប្រែភាសាចិន ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រួមដំណើរដោយមិត្តភក្តិម្នាក់ទៀត ជានារីវ័យប្រហាក់ប្រហែលគ្នា។ ឯម៉ូតូម៉ាក វ៉េវស៊រីចាស់ ពុំមានស្លាកលេខ ជាប្រភេទចាប់ជាប់រឺម៉កផ្នែកចំហៀងអ្នកបើកបរបានរងរបួសធ្ងន់ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពបន្តថា ដំបូងគេឃើញខាងរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ ឯរ៉ឺម៉កម៉ូតូបើកបរបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើត។ លុះមករថយន្ត ក៏ជ្រុលបុករឺម៉កម៉ូតូបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ បន្ទាប់មករថយន្តបានព្យាយាមបើករត់បានជិតមួយគីឡូម៉ែត្រក៏ធ្លាក់ចូលក្នុងទឹកប្រឡាយតែម្ដង។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ក៏បាននាំគ្នាឃាត់អ្នកបើកបរនិងអ្នករួមដំណើរប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួននារីទាំងពីរនាក់មកប៉ុស្តិ៍រដ្ឋបាលកាកាបទី២ ទុកប្រគល់ជូនប៉ូលិសជំនាញបន្តតាមនីតិវិធី។ ចំណែកយានយន្តសមត្ថកិច្ចវាស់វែងយក ទៅរក្សាទុកនៅចរាចរណ៍ភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕


 

adverise with khmeread