បើកម៉ូតូកង់បីឥណ្ឌាលឿនបុករថយន្តពេញទំហឹងរបួសធ្ងន់ម្នាក់នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូកង់បីឥណ្ឌាយ៉ាងលឿនទៅបុករថយន្តកាមរី (បាឡែន) ពេញទំហឹងកាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសាកលវិទ្យាល័យកម្ពុជា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រភពនិយាយថា អ្នកបើកកង់បីឥណ្ឌាឈ្មោះ ញិល សារ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងរបួសធ្ងន់ដេកពេទ្យព្រះកុសុមៈ បើកម៉ូតូកង់បីពណ៌ស ពាក់ផ្លាកលេខស្វាយរៀង1L-6544រងរបួសធ្ងន់។ ចំណែករថយន្តម៉ាកកាមរី បាឡែន ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-5115 បើកបរដោយឈ្មោះ វីរៈ ឌីម៉ាស់ ភេទប្រុស ស្នាក់នៅភូមិទ្រុងមាន់ មុខរបរបុគ្គលិកក្រុមហ៊ុន។

ប្រភពបន្តថា ដំបូងគេឃើញបុរសម្នាក់បានបើករថយន្ត ម៉ាកកាមរី (បាឡែន) បើកតាមបណ្ដោយផ្លូវណតប្រ៊ីត ទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងដៃកំពុងតែបត់ស្រាប់តែមាន ម៉ូតូកង់បីឥណ្ឌាបើកដោយបុរសម្នាក់តាមបណ្ដោយផ្លូវណតប្រ៊ីត ទិសដៅពីជើងមកត្បូងវិញបញ្ច្រាស់ទិសគ្នាយ៉ាងលឿន មកបុកចំទ្វារខាងក្រោយពេញទំហឹង
 បណ្ដាលឱ្យម៉ូតីកង់បីខូចខាតកង់ខាងមុខនិងបែកកញ្ចក់រងរបួសអ្នកបើកធ្ងន់។

ភ្លាមៗត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យសង្គ្រោះជីវិត។ ចំណែករថយន្តរងការខូចខាតតិចតួចមិនមានរងរបួសអ្នកបើករថយន្តនោះទេ។ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏នាំអ្នកបើករថយន្តទៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមដើម្បីសួរនាំនិងបន្តតាមនីតិវិធី។ ក្រោយមកសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងកង់បីទៅរក្សាទុកនៅអធិការខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕


 

adverise with khmeread