បុរសបែកថ្នាំម្នាក់បានរត់ចូលផ្ទះសំណាក់សេវេន អេម ឌី គំរាមអ្នកស្នាក់នៅផ្អើលឈុលទាំងកណ្តាលអធ្រាត្រ

ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់ភ័យស្ទើរលស់ព្រលឹង ខណៈដែលបុរសបែកថ្នាំម្នាក់រត់ចូលក្នុងបន្ទប់គំរាមកុំឱ្យស្រែក បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់សេវេន អេម ឌី នៅផ្លូវលេខ១១១ កែងផ្លូវលេខ១៨២​ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ អ៊ុំ សុភ័ក្ខ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

បើតាមសម្តីរៀបរាប់ពីស្រ្តីម្នាក់ដែលមើលការខុសត្រូវក្នុងផ្ទះសំណាក់បានឱ្យដឹងថា ដំបូងឡើយមានយុវជន ប្រុសស្រី២នាក់បានមកជួលស្នាក់នៅមួយយប់នៅផ្ទះសំណាក់ខាងលើបន្ទប់លេខ៣០៥ ជាន់ទី៣។ ខណៈដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ទំនងបែកថ្នាំបានរត់ចូលក្នុងផ្ទះសំណាក់ ហើយក៏ឡើងទៅលើជាន់ទី៣ទៅគោះបន្ទប់លេខ៣០៥ ជនរងគ្រោះប្រុសស្រី២នាក់នោះឱ្យបើកទ្វារ។

បើតាមសម្តីជនរងគ្រោះបានប្រាប់ថា រូបគាត់ស្មានតែអ្នកស្គាល់គ្នាក៏បើកទ្វារចូលស្រាប់តែជនសង្ស័យបិតទ្វារខ្ទាស់កន្លឹះ ហើយគំរាមមិនឱ្យស្រែកបើកស្រែក ហើយបោកសក់ឱ្យងាប់។ ពេលនោះជនរងគ្រោះទាំង២នាក់ឃើញជនសង្ស័យក្តាប់ដៃធ្វើឱ្យរូបគាត់ភ័យមិនហ៊ានស្រែក។ 

ចំណែកស្ត្រីដែលគ្រប់គ្រងផ្ទះសំណាក់ មើលការខុសត្រូវបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ដល់បន្ទប់លេខ៣០៥ជាន់ទី៣ហើយក៏បានប្រើពាក្យសម្ដីអង្វរលួងលោងទៅលើជនសង្ស័យនិងមានពាក្យគំរាមកំហែងខ្លះដើម្បីឱ្យជនសង្ស័យបើកទ្វារ។

មួយសន្ទុះធំទើបបានជនសង្ស័យព្រមបើកទ្វារចេញមកខាងក្រៅត្រូវបានសមត្ថកិច្ចវាយខ្នោះយកទៅសួរនាំនិងឱ្យជនរងគ្រោះទៅបំភ្លឺនៅប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹតដើម្បីសួរនាំដំណើររឿង។ តែសំណាងល្អជនរងគ្រោះទាំង២នាក់មិនមានរងរបួសនោះទេ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំរួចនិងបញ្ជូនបន្តទៅតាមនីតិវិធីនៃច្បាប់៕

adverise with khmeread